ថ្នាក់ដឹកនាំខេត្តប៉ៃលិន រៀបចំពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត ដើម្បីសុំសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច


ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នូវមុខអាស្រមលោកយាយយ៉ាត តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស និងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ឱ្យទទួលបានសេចក្តីសុខសប្បាយ រកស៊ីទទួលទានមានបាននិងជោគជ័យ គ្រប់ភារកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៧០ គ.ស ២០២៦។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវបណ្ឌិត បានស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី រាជការជុំវិញខេត្ត ក៏បានបួងសួងសុំពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបី បាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិនានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសសូមតាមជួយថែរក្សាថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំប្រទេសជាតិ ឱ្យជួបនូវសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនតទៅអនាគត។

សូមរំលឹកថា រូបសំណាកធំរបស់លោកយាយយ៉ាត ដែលស្ថិតនៅក្នុងអាស្រមក្បែរជើងភ្នំយ៉ាតនេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ មានកម្ពស់ ៣,៨០ម៉ែត្រ បល្ល័ង្កទំហំប្រវែង ២,៤០ម៉ែត្រការ៉េ និងមានទម្ងន់ សរុប ៣២តោន៕