ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន បានរួមគ្នារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (សង្ក្រាន្ត) និងពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល នៅវត្តបារមីខេមរាភ្នំបិតាធំ (វត្តព្រះពុទ្ធសាសនាខ្មែរ ស្ថិតក្នុងខេត្តកាណាហ្គាវ៉ា) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងបរិយាកាសសាមគ្គីភាព និងអធិកអធម។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានគោលបំណងថែរក្សា និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ក្នុងចំណោមប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេស ព្រមទាំងពង្រឹងសាមគ្គីភាពក្នុងសហគមន៍ខ្មែរនៅជប៉ុន។
ក្នុងឱកាសនេះ មានការរៀបចំពិធីសំខាន់ៗចំនួន២ រួមមាន៖ ទី១៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទី២៖ ពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល ឧទ្ទិសកុសលជូនវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានរៀបចំកម្មវិធីជាច្រើន រួមមាន ពិធីសាសនាតាមបែបព្រះពុទ្ធសាសនា ល្បែងប្រជាប្រិយខ្មែរ ការសម្តែងវប្បធម៌ តន្ត្រី និងរបាំ ព្រមទាំងម្ហូបអាហារខ្មែរ ជាច្រើនប្រភេទ។ អ្នកចូលរួមគ្រប់វ័យ បានចូលរួមយ៉ាងសកម្ម បង្កើតបានបរិយាកាសរស់រវើក ប្រកបដោយបរិយាបន្ន បង្ហាញពីស្មារតីសាមគ្គីភាព ការបន្តប្រពៃណី និងមោទនភាពវប្បធម៌ជាតិ។
ជាមួយគ្នានេះ ពិធីនេះក៏ផ្តល់ឱកាសដល់មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ ទទួលបានបទពិសោធន៍ប្រពៃណីខ្មែរ ដោយផ្ទាល់ ដែលជួយបង្កើនការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។
ដោយឡែក ពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិក តាមបែបព្រះពុទ្ធសាសនា ដោយមានព្រះសង្ឃជាច្រើនអង្គ និងពុទ្ធបរិស័ទជាច្រើនរូប ចូលរួមឧទ្ទិសកុសលជូនដល់ព្រលឹងវីរៈបុរសដែលបានពលីជីវិត។ ពិធីដ៏មានអត្ថន័យនេះ បានបង្ហាញពីការគោរព ការដឹងគុណ និងការរំលឹកដល់វីរៈបុរសជាតិ ខណៈពេលដែលអំពាវនាវសម្រាប់សន្តិភាព វិបុលភាព និងសុខុមាលភាពក្នុងឆ្នាំថ្មី។
ព្រឹត្តិការណ៍នេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថានទូតកម្ពុជា និងសហគមន៍ខ្មែរ ដោយមានការគាំទ្រពីសមាគម អ្នកស្ម័គ្រចិត្ត និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃកម្មវិធីនេះ។
ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួម អ្នកស្ម័គ្រចិត្ត និងដៃគូទាំងអស់ ហើយបន្តប្តេជ្ញាចិត្តរៀបចំកម្មវិធីបែបនេះបន្ថែមទៀត ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន៕






















