ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធថៃ ពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅទីតាំងជាច្រើន ដូចខាងក្រោម៖
*ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ដ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅក្នុងតំបន់តាថាវ ដែលស្ថិតនៅចន្លោះប្រាសាទព្រះវិហារ និងតំបន់៥មករា។
*ខេត្តឧត្តរមានជ័យ៖
នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវស្រុកត្រពាំងប្រាសាទ។
នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃ បានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។
នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើត នៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើងនៃតំបន់នេះ។
នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវនៅតំបន់ចូកគ្លេសភាគខាងកើត ច្រកទ្វារអន្តរជាតិថ្មដូន។
*ខេត្តពោធិ៍សាត់៖ នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី៕





