លោក ហ៊ុន ម៉ាណែត៖ ការចេញទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ វ័យក្មេង CPP ជួបពលរដ្ឋ គឺជាស្មារតីសាមគ្គីគ្នា និងផ្តល់ព័ត៌មាន ជុំវិញនិងការព្រួយបារម្ភ របស់ពួកគាត់


ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេង សហរដ្ឋអាម៉េរិក VOA នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើដំណើរចេញទៅតាម បណ្តាលប្រទេសមួយចំនួន ជួបបងប្អូនខ្មែរ របស់យុវជន CPP នេះ គឺបង្ហាញពីស្មារតីសាមគ្គីគ្នា និងជាការផ្តល់ព័ត៌មានមួយចំនួនជុំវិញក្តីកង្វល់ និងការបារម្ភរបស់ពួកគាត់។
លោក ហ៊ុន ម៉ាណែត បានមានប្រសាន៍បញ្ជាក់ថា “ការស្វាគមន៍របស់បងប្អូនខ្មែរនៅក្រៅប្រទេស គ្រប់កន្លែងដែលខ្ញុំទៅ គឺមានភាពកក់ក្តៅ និងទទួលស្វាគមន៍ច្រើនកុះករ មានភាពងាយស្រួលក្នុងការយល់ទេ ទី១.គឺស្មារតីសាមគ្គីគ្នា របស់ប្រជាពលរដ្ឋខ្មែរយើងនៅខាងក្រៅ តែងតែជួយគ្នា ហើយសាមគ្គីគ្នាល្អណាស់ គាត់មិនប្រកាន់ថា អ្នកក្នុងស្រុក និងអ្នកក្រៅស្រុកនោះទេ ទី២.គោលបំណងនៃការទៅនេះ ទោះបីជាខ្ញុំមានតួនាទីនៅក្នុងបក្ស និងជាយុវជនបក្សក៏ដោយ ប៉ុន្តែខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ ហើយបានជួបសំណេះសំណាលជាមួយបងប្អូន និងបានផ្តល់ព័ត៌មាន ជាច្រើនទាក់ទងទៅនិងអ្វីដែលជាបញ្ហា ព្រួយបារម្ភរបស់គាត់”។
លោក បានមានប្រសាន៍បន្ថែមទៀតថា “ប្រជាជនខ្មែរនៅក្រៅប្រទេស មិនខុសពីអ្នកនៅក្នុងស្រុកនោះទេ បេះដូងគឺជាប់ជាមួយជាតិរបស់យើង ប្រទេសរបស់យើង គឺគាត់ព្រួយបារម្ភណាស់ ថាតើប្រទេសជាតិយ៉ាងណា ប្រជាជននៅក្នុងស្រុកយ៉ាងណា អីញ្ចឹងគាត់តែងតែចង់ស្វែងយល់ សុខទុក្ខរបស់ជាតិយើងយ៉ាងណា ការទៅជួបរបស់ខ្ញុំនេះ ដើម្បីផ្តល់ព័ត៌មានជូនគាត់ ទាក់ទងទៅនិងបញ្ហា ដែលពាក់ព័ន្ធទៅ និងបេះដូងរបស់គាត់ ដូចរឿងទឹកដី រឿងព្រំដែន រឿងអន្តោរប្រវេសន៍ ដើម្បីបកស្រាយ  ព្រោះថាមុនយើងទៅ យើងបានសួរទៅបងប្អូនថាតើ ប្រជាពលរដ្ឋនៅទីនោះ គាត់មានកង្វល់ បញ្ហាព្រួយបារម្ភអ្វីខ្លះ ដើម្បីខ្ញុំទៅជួនព័ត៌មានឲ្យគាត់។  ប្រជាពលរដ្ឋនៅទីនោះ គាត់មានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីទទួលព័ត៌មានពីគ្រប់ប្រភពទាំងអស់ ហើយគាត់ក៏ទទួលស្គាល់ថា ការផ្តល់ព័ត៌មានមិនមែនជា សិទ្ធិផ្តាច់មុខរបស់បក្សណា អង្គការណា ឬក៏ស្ថាប័ន វិទ្យុណានោះទេ”។
ថ្នាក់ដឹកនាំយុវជនរបស់គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “(ពលរដ្ឋរស់នៅក្រៅប្រទេស) គាត់មានសិទ្ធិទទួលព័ត៌មានពីគ្រប់ ហើយអ្នកទាំងអស់គ្នា គឺមានសិទ្ធិប្រគល់ព័ត៌មាន ហើយខ្ញុំទៅ ការផ្តល់ព័ត៌មានគឺមិនបង្ខំគាត់ ឲ្យគាត់ត្រូវតែជឿទេ អ្វីដែលយើងផ្តល់គឺជូនគាត់ ជាជ្រុងមួយ ដើម្បីឲ្យលោក អុំ ពូមីង បងប្អូន គាត់យកទៅពិចារណា បានគ្រប់ជ្រុងជ្រោយ នៅក្នុងការសម្រេចចិត្តព្រោះនេះ ជាបញ្ហាបេះដូងរបស់គាត់ រឿងប្រទេសជាតិ មិនមែនរបស់ខ្ញុំ មិនមែនរបស់បង មិនមែនរបស់ណាដាច់ដោយឡែកទេ គឺរបស់ជាតិយើងទាំងមូល អីញ្ចឹងអ្វីដែលខ្ញុំទៅ ខ្ញុំផ្តល់ព័ត៌មាន ជាមួយជ្រុង គ្មានការបង្ខិតបង្ខំ ហេតុនេះហើយបានជាប្រជាជនគាត់ស្វាគមន៍ ក្នុងលក្ខណៈជាគ្រួសារខ្មែរតែមួយ”។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឲ្យដឹងអំពីដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់ សហរដ្ឋអាម៉េរិកនោះដែរថា “ការមកសហរដ្ឋអាម៉េរិក នេះគឺខុសពីទស្សនៈកិច្ចនៅកន្លែងផ្សេង ព្រោះនៅទីនេះប្រជាពលរដ្ឋមានការខ្វែងគំនិតគ្នាពីរ បងប្អូនមួយចំនួនគាត់បាន មានការប្រឆាំងនិងការមកដល់របស់ខ្ញុំ គាត់គិតថាខ្ញុំមកឃោសនា មនោគមនកុំម្មុយនិស្ត ឬមួយអ្វីទៅដែលគាត់ថា មិនឯកភាពទៅនិងគោនយោបាយរបស់រដ្ឋាភិបាល ហើយគាត់ថាខ្ញុំមកក្នុងនាមជារដ្ឋាភិបាលគាត់មិនស្វាគមន៍ ហើយក៏មានការបំផុស ខ្ញុំអត់ខឹងគាត់ទេ ជាសិទ្ធិរបស់គាត់ ប្រសិនជាគាត់ធ្វើនៅក្នុងក្របខ័ណ្ឌច្បាប់ នៅក្នុងក្របខ័ណ្ឌសិទ្ធិ ដើម្បីមិនឲ្យហួសរហូតដល់បង្កហិង្សា ដល់សមាជិកគណប្រតិភូណាមួយ ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួម”។
លោកបញ្ជាក់បន្ថែមទៀតថា “ទោះបីកន្លងមក មានការគំរាមកំហែងតាមហ្វេសប៊ុក មានអ្នកគំរាមគប់ពងមាន់ ហើយឮថាមានរៀបចំហើយ គប់ពងមាន់ ខ្ញុំថាអត់អីទេ ហើយរហូតដល់គំរាមសម្លាប់ទៀតឯណោះ បង្ហោះមកថាត្រូវតែសម្លាប់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានបងប្អូនជាច្រើនគាត់ស្វាគមន៍ ដូចដែលប្រជាពលរដ្ឋ នៅតាមបណ្តាល ប្រទេសផ្សេងៗគាត់ស្វាគមន៍អីញ្ចឹង ព្រោះគាត់គិតថា ស្មារតីជាខ្មែរ បុណ្យទានយើងជាខ្មែរ ហេតុអីក៏យើងចាំបាច់ឈ្លោះគ្នា រឿងគណបក្ស និងគណបក្សទុកមួយឡែកទៅ រឿងមិនឯកភាពទៅលើគោនយោបាយ យើងនិយាយគ្នាបាន។ ប៉ុន្តែអ្វីដែលជួបជុំគ្នានៅលើបុណ្យទាន ហើយក៏បងប្អូនក៏ចង់ស្វែងយល់អំពីព័ត៌មានជាច្រើន ថាឥឡូវបញ្ហានេះ គេលើកឡើងមកអីញ្ចឹង ថាខាងរាជរដ្ឋាភិបាល ឬក៏ខាងលោក មានពន្យល់បែបយ៉ាងមិច គាត់យកទៅ ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការពិចារណា មិនបាច់ថា ត្រូវតែជឿខ្ញុំនោះទេ ហើយការស្វាគមន៍នេះ គឺក្នុងលក្ខណៈជាខ្មែរដូចគ្នា បើកចិត្តទូលាយនៅក្នុងពេលបុណ្យទាន”៕