ឯកឧត្តម លឹម គានហោ អនុញ្ញាតឱ្យនាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះនិងសហការីចូលជួបសម្តែងការគួរសម


រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ (Project Manager in Unit of Agriculture, Rural Development and Biodiversity, AFD-Paris) នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Vatché PAPAZIAN និងសហការី ដែលបានមកបំពេញបេសកកម្មក្នុងរយៈពេល ១០ថ្ងៃ នៅកម្ពុជា ដើម្បីពិនិត្យវាយតម្លៃទៅលើប្រព័ន្ធធារាសាស្ត្រ និងព្រែកនានា ដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តក្រោមហិរញ្ញប្បទានពី AFD ក្នុងជំហានទី១ កន្លងមក ក៏ដូចជាការចុះពិនិត្យវាយតម្លៃលើទីតាំងគម្រោងថ្មីៗ ដែលនឹងត្រូវអនុវត្តក្នុងជំហានទី២ បន្តទៀត ។
លោក PAPAZIAN ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា នេះគឺជាបេសកកម្មលើកចុងក្រោយរបស់លោកមកកាន់កម្ពុជា​ ។ ក្រោយពេលបញ្ជប់បេសកកម្មនេះ លោកនឹងត្រូវចូលនិវត្តន៍ ហើយលោកស្រី Alexia Hoffmann និងបន្តការងារពីលោក ។ លោក PAPAZIAN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្នុងជំហានទី២ នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានគ្រោងនូវកញ្ចប់ថវិកា ប្រមាណ ២០០ លានអ៉ឺរ៉ូ បន្ថែមទៀត សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម យកទៅអភិវឌ្ឍន៍គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បប់នានា ។ គម្រោងជំហានទី ២ នេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨​ តទៅ ដោយបែងចែកចេញជា ៤ ដំណាក់កាល ។ លោកបន្តថា សម្រាប់ដំណាក់កាលទី១ ឆ្នាំ ២០១៨-២០១៩ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានកញ្ចប់ថវិកាសរុបប្រមាណពី ៧១,៥-​ ៧៣,៥ លានអ៉ឺរ៉ូ ។ ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ប្រតិភូ AFD នៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ។