សៀមរាប ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្ដម ហ៊ុន ម៉ានីបានមានប្រសាសន៍ថា ចំពោះអ្នករិះគន់រឿងសំរាមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដោយសារតែពួកគាត់មិនបាន មករើសសំរាមដោយខ្លួនឯង។
ឯកឧត្ដម ថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី១៧ខែមេសា នៅមុខប្រាសាទអង្គរវត្ត ក្នុងឱកាសដែលឯកឧត្ដមជួបថ្លែងអំណរគុណដល់ក្រុមអ្នកបោសសម្អាតសំរាម ប្រមាណជិត៥០០នាក់ មកពីក្រុមហ៊ុនប្រមូលសំរាមក្រុមគ្រឹះស្ថានអង្គរ និងយុវជនស្ម័គ្រចិត្តខេត្តស្វាយរៀង ។
លោកហ៊ុនម៉ានីបានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា មានភ្ញៀវរហូតដល់ទៅមួយលានបីសែននាក់មកចូលរួម ដូច្នេះសំរាមក៏ច្រើនតាមហ្នឹងដែរ។ ដូច្នេះបើគ្មានបងប្អូនចូលរួមបោសសម្អាតសំរាមទាំងយប់ទាំងថ្ងៃទេ ក៏មិនអាចទៅរួចដែរ។
សូមបញ្ជាក់ថានៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ តាមរយៈបណ្ដាញសង្គមនានា មានការបង្ហោះនូវរូបភាពសំរាមនិងសាររិះគន់ជាច្រើន ដែលមានន័យប្រហាក់ប្រហែលគ្នាថា អាជ្ញាធរ ក៏ដូចជាក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាថា មិនបានគិតគូរពីសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ និងអនាម័យ ។
ចំពោះការរិះគន់នេះ សមាជិកក្រុមបោសសម្អាតបានឲ្យដឹងថា ការពិតរូបភាពដែលគេបង្ហោះតាមបណ្ដាញសង្គម គឺជារូបភាពដែលក្រុមរបស់គាត់មិនទាន់ដល់ពេលចូលទៅសម្អាត។គាត់ និយាយថា ចំពោះបញ្ហាសំរាមនៅក្នុងបរិវេណប្រាសាទ និងនៅកន្លែងដែលមានលេងល្បែងកម្សាន្ត គឺពួកគាត់បានប្រមូលស្ទើរតែអស់តាំងពីយប់មកម្ល៉េះ ហើយនៅសេសសល់បន្តិចបន្តួចពួកគាត់បានប្រមូលតាំងពីម៉ោង៤ទៀបភ្លឺបន្តទៀត ៕
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អ្នករិះគន់សំរាមនៅអង្គរសង្ក្រាន្ត ដោយសារគាត់មិនបានមករើសសំរាមដោយខ្លួនឯង
