កីឡាការីនី ស៊ន សៀវម៉ី បានបំបែកឯកទគ្គកម្មប្រវត្តិសាស្ត្រកីឡាតៃក្វាន់ដូកម្ពុជា ដោយបានឈ្នះមេដាយមាស ក្នុងការប្រកួតជម្រុះទៅចូលរួមកីឡា Olympic កំរិតពិភពលោក ។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្រកីឡាតៃក្វាន់ដូកម្ពុជា ខណៈដែលការប្រកួតកន្លងមក គឺកម្ពុជាតែងតែធ្លាក់នៅពេលប្រកួតជម្រុះ ។
កីឡាការីនី ស៊ន សៀវម៉ី កាលពីថ្ងៃទី១៦ ខែមេសា បានដណ្តើមមេដាយមាស ក្នុងការប្រកួតវគ្គជម្រុះក្នុងតំបន់អាស៊ី ដែលជាការបើកផ្លូវឱ្យនាងមានសិទ្ធិចូលរួមប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលរវាងពីថ្ងៃទី៥ ដល់ ២១ ខែសីហា ឆ្នាំ ២០១៦ ខាងមុខនេះ ។ ការប្រកួតកាលពីថ្ងៃទី១៦ ខែមេសា នោះ កីឡាការិនី ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីមកពីប្រទេសតាជីគីស្ថាន និងកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅលើវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងទំព័រ facebook បានសរសេរថា សម្ដេចសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពីន និងសម្ដេចសូមលើកទឹកចិត្ត និងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗថែមទៀត សម្រាប់ប្រទេសជាតិ ៕