រោងចក្រផលិតស្ករសតម្លៃ ៣៦០លានដុល្លារ សម្ពោធនៅព្រះវិហារ


 Suger Factory 19 04 16 2 copy

    រោង​ចក្រ​ផលិត​ស្ករ​ស​ដ៏​ធំ​ជាង​គេ​មួយ​នៅ​អាស៊ី គ្រោង​នឹង​សម្ពោធ​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ហើយ ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គ្រោង​នឹង​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​កម្ម​ វិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស្ករ​ស​តម្លៃ​ ៣៦០​លាន​ដុល្លារ​ ដែល​ផលិត​ពី​ការ​ចម្រាញ់​កៀប​ទឹក​អំពៅ​ ។ ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស្ករ​នៃ​ក្រុម​ហ៊ុន​ចិន Rui Feng (Cambodia) International Co. Ltd នឹង​ធ្វើ​នៅ​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មេសា ឆ្នាំ​ ២០១៦ ​។

     រោង​ចក្រ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អាច​មាន​សមត្ថ​ភាព​ផលិត​ស្ករ​ស បាន​ជាង​ ១​ពាន់​តោន​ ក្នុង​មួយ​ថ្ងៃ ជា​មួយ​នឹង​ចម្ការ​អំពៅ​ដែល​បាន​ដាំ​ដុះ​រួច​រាល់​ចំនួន​ ១​ម៉ឺន​ ៣​ពាន់​ហិកតា ។ សេចក្តី​រាយ​ការណ៍​បាន​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ ក្រុម​ហ៊ុន​ត្រូវ​ការ​អំពៅ​ចូល​ក្នុង​រោង​ចក្រ​ចំនួន​ ២​ម៉ឺន​តោន ​ដើម្បី​កិន​ និង​ចម្រាញ់​យក​ស្ករ​ស ហើយ​ក្នុង​មួយ​ថ្ងៃ​រោង​ចក្រ​អាច​ទទួល​បាន​ស្ករ​ស​រហូត​ដល់​ជាង ​១​ពាន់​តោន សម្រាប់​ចែក​ចាយ​ទី​ផ្សារ​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ ។

     រោង​ចក្រ​ផលិត​ស្ករ​ស​នោះ​ គឺ​ជា​រោង​ចក្រ​ធំ​ជាង​គេ​លើ​ពិភព​លោក ដែល​បាន​បោះ​ទី​តាំង​ក្នុង​ខេត្ត​ព្រះ​វិហារ និង​បាន​បោះ​ទុន​វិនិ​យោគ​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ​អាមេរិក ​ដោយ​វិនិយោ​គិន​ជន​ជាតិ​ចិន ។ ដោយ​ឡែក ចម្ការ​អំពៅ​ដែល​គាំទ្រ​សម្រាប់​សង្វាក់​ផលិត​កម្ម​រោង​ចក្រ​នេះ មាន​នៅ​ ៣​ស្រុក​នៃ​ខេត្ត​ព្រះ​វិហារ និង​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ចំនួន​ ៥​រួម​គ្នា ។ រោង​ចក្រ​នេះ​បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​ ២០១៤ មក​ម្ល៉េះ ។ បន្ទាប់​ពី​រោង​ចក្រ​នេះ​ដំណើរ​ការ​រលូន​ហើយ​នោះ គេ​រំពឹង​ថា នឹង​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​បាន​មួយ​ផ្នែក ជា​ពិសេស​ការ​ផ្ដល់​ការងារ​យ៉ាង​ច្រើន​ដល់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ ។