ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមស្វែងយល់ពីភារកិច្ចរបស់យុវជនក្នុងកិច្ចគាំពារបរិស្ថាន និងវប្បធម៌


នៅក្នុងសិក្ខាសាលាមួយរៀបចំឡើងដោយក្រសួងបរិស្ថាន នៅតំបន់ប្រាសាទសំបូរព្រៃគុក នាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាព្រឹត្តិការណ៍ នេះគឺជាការធ្វើលិទ្ឋិប្រជាធិបតេយ្យផ្ទៃក្នុងរបស់ក្រសួង និងបានពង្រឹងសតិអារម្មណ៍របស់យុវជនដែលអាចបង្ហាញពីភាពវិជ្ជមាននៃការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងសំណូមពរបន្ថែមជូនថ្នាក់ដឹកនាំក្រសួងធ្វើការដោះស្រាយផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រឱ្យមានវប្បធម៌នៃការជួបជុំគ្នាបែបនេះ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់មន្រ្តីវ័យក្មេងរបស់ក្រសួងនាពេលអនាគតទៅតាមលទ្ឋភាពជាក់ស្តែង។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏ក៏សំណូមពរដែរអោយយុវជនមានការខិតខំប្រឹងប្រែងបំពេញការងារ ពង្រឹងតួនាទីរបស់ខ្លួនក្នុងការកសាងខ្លួនជាទំពាំង និងធ្វើខ្លួនក្លាយជាឬស្សី ដែលយល់ពីបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយក្នុងនិងក្រៅប្រទេស ជាមូលដ្ឋានដើម្បីបន្តការដឹកនាំក្នុងវិស័យបរិស្ថាននាពេលអនាគត។
ឯកឧត្តម សាយសំអាល់ បានលើកឡើងដែរថា កន្លងមកជិត១អណ្ណត្តឯកឧត្តមបានធ្វើទំនើបកម្មក្រសួង ជាពិសេសបានកសាងអគារនៅតំបន់ល្អ ហើយអគារមានរចនាបទដក់ក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប ហើយបញ្ហាសំខាន់មួយទៀតគឺអគារក្រសួងបរិស្ថាន បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍមួយរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន។ សូមបញ្ជាក់ថាក្រសួងបរិស្ថានបានបង្កើតរចនាសម្ព័ន្ឋការងាររឹងមាំមួយដោយមានអគ្គនាយកដ្ឋានចំនួន៥ គឺអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ ជាមួយគ្នានេះក្រសួងបានពង្រឹងសមត្ថភាពជំនាញបន្ថែមជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ មន្រ្តីឧទ្យានុរក្ស និងផ្តល់ឱកាសអោយទៅសិក្សានៅបរទេស។ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងដែរថាការកឃើញចំណុចខ្វះខាត ដែលរកឃើញដោយមន្រ្តីវ័យក្មេងនៃក្រសួងបរិស្ថានក្នុងសិក្ខាសាលានាថ្ងៃនេះ នឹងជម្រុញអោយថ្នាក់ដឹកនាំមានការខិតខំបន្ថែមទៀតដើម្បីដោះស្រាយ និងបន្តការធ្វើទំនើបកម្មក្នុងវិស័យបរិស្ថានអោយកាន់តែប្រសើថែមទៀត ជាពិសេសក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យបរិស្ថាន។
សូមបញ្ជាក់ថាក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែវិច្ឆិកានេះបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ ការចូលរួមរបស់យុវជនក្នុងកិច្ចគាំពារបរិស្ថាន និងវប្បធម៌នៅតំបន់សំបូរព្រៃគុកខេត្តកំពង់ធំ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការងារសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ និងឱ្យយុវជនមានការទទួលខុសត្រូវសម្រាប់ជីវិតវិជ្ជមាន និងដើម្បីរួមចំណែកចូលរួមក្នុង និងទំនាក់ទំនង សកម្មភាពសាមគ្គីភាព បណ្តុះស្មារតី និងឆន្ទៈស្រលាញ់ប្រទេសជាតិ រួមទាំងរក្សា និងបង្កើនសមត្ថភាពយុវជនដើម្បីគាំទ្រដល់ខ្លួនឯង និងដើម្បីរួមចំណែកដល់សង្គម និងកិច្ចការបរិស្ថាន បន្ថែមពីនេះវាក៏ដើម្បីបង្កើនភាពស្និតស្នាល និងសាមគ្គីភាពផ្ទៃក្នុងរបស់យុវជន។
យុវជនចូលរួមប្រមាណ ៣៥០នាក់ មកពី ក្រុមការងារយុវជនក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត មន្ទីរបរិស្ថានខេត្តកំពង់ធំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានចូលរួមព្រឹត្តិការណ៍នេះ ព្រមទាំងបានធ្វើទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះក្នុងបញ្ជីសម្បត្តបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧៕