ក្រសួងសុខាភិបាល បានទទួលរថយន្តគិលានសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿងដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» ដើម្បីបម្រើក្នុងការបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដោយធានាបាននូវសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។
ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿង នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា «ក្រសួងសុខាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីគោលនយោបាយ អាទិភាពទី១ ការបម្រើសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសកល និងវិធានការគន្លឹះទី៣ ស្តីពីការលើកកម្ពស់គុណភាពវិស័យសុខាភិបាល តាមរយៈការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាប្រកប ដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។
នៅក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់រថយន្តគិលានសង្គ្រោះទាំងនេះ សម្រាប់តែបម្រើផលប្រយោជន៍អ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់។ បន្ថែមពីនេះត្រូវមានកាលវិភាគថែទាំ ឱ្យបានទៀងទាត់ ដើម្បីធានាការបម្រើសេវាសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូមជម្រាបថារថយន្តគិលានសង្គ្រោះទាំង ១០គ្រឿង ជារថយន្តប្រភេទ Toyota Landcruiser ទំនើប ស៊េរីឆ្នាំ២០២៥ (មានតម្លៃសរុប ៧១១ ០០០ ដុល្លារអាម៉េរិក) នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ គឺ៖ ខេត្តពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប ដើម្បីបម្រើឱ្យសេវាដឹកជញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទទួលបានសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា៕



























