ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំពិធីផ្លូវការ ការជួបជុំជាសាធារណៈ សកម្មភាពទេសចរណ៍នានា ក៏ដូចជាទម្រង់ណាមួយក៏ដោយ នៃការអនុវត្តអំណាចបែបរដ្ឋបាល ឬសកម្មភាពជានិមិត្តរូប ដើម្បីកំណត់អធិបតេយ្យភាពរបស់ខ្លួន ដោយអាជ្ញាធរថៃ នៅតាមទីតាំងវប្បធម៌របស់កម្ពុជាទាំងនេះ គឺជាទង្វើខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ទង្វើទាំងនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតនូវអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយ ដើម្បីការកាន់កាប់ទឹកដីរបស់កម្ពុជា តាមសកម្មភាពកាន់កាប់ជាក់ស្តែង (de facto) និងតាមរូបភាពផ្លូវច្បាប់ (de jure) គឺជាអំពើខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យការកាន់កាប់ខុសច្បាប់ទាំងនេះ មានលក្ខណៈស្របច្បាប់ ឬមានការទទួលស្គាល់ តាមរយៈសកម្មភាពឯកតោភាគី តាមរយៈសកម្មសាធារណៈ សាសនា រដ្ឋបាល វប្បធម៌ ។ល។ ក្រោមច្បាប់អន្តរជាតិ រួមទាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ ស្តីពីការមិនអនុញ្ញាត ឱ្យទទួលបានទឹកដីតាមរយៈការប្រើកម្លាំង ទង្វើ ឬសកម្មភាពឯកតោភាគីណាមួយ ដែលអនុវត្តក្រោមការកាន់កាប់ មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា លើតំបន់ទាំងនេះបានឡើយ។
ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះថា ជាការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងសូមកត់ត្រាទុកជាផ្លូវការ នូវការមិនទទួលស្គាល់ និងការមិនយល់ព្រមទាំងស្រុងចំពោះទង្វើទាំងអស់នេះ។ សកម្មភាពទាំងនេះ គឺជាអំពើគ្មានសុពលភាព និងគ្មានអានុភាពផ្លូវច្បាប់ ហើយមិនអាចបង្កើត ឬផ្តល់សិទ្ធិ កម្មសិទ្ធិ ឬការអះអាងណាមួយដល់ប្រទេសថៃបានឡើយ។
ក្រសួងសូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតាមតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដោយដកចេញនូវវិធានការខុសច្បាប់ទាំងអស់ និងចៀសវាងសកម្មភាពបន្ថែមណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាព ថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងបន្តអនុវត្តគ្រប់វិធានការផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ដែលសមស្រប ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន៕

