ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ព្រមទាំងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ពិធីនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ ឥស្សរជនជាច្រើនរូបផ្សេងទៀត ។

នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងដោយក្តីរំភើបថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត នាឱកាសនេះ គឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃខ្ពស់ដល់បណ្ឌិត្យសភាចំពោះសកម្មភាពនិងសមិទ្ធផលដែលសម្រេចបាន។ នេះជាកម្លាំងជំរុញឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ក្នុងការបន្តបេសកកម្មអបរំបណ្តុះបណ្តាលនិងការរៀបចំព្រឹត្តិការណ៍ផ្សេងៗបន្តទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ឱ្យដឹងផងដែរថា បណ្ឌិត្យសភាបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីបង្កលក្ខណៈឱ្យនិស្សិត និងសិស្សនគរបាលបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពតាមលក្ខណៈបច្ចេកទេស ដោយដំណើរការដំបូង កីឡាករ កីឡាការិនីនៃបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេស មានចំនួន២៥២នាក់ ក្នុងនោះនារី ១២៥នាក់។ តាមរយៈការហ្វឹកហាត់និងការជម្រុះកម្រិតបឋម គណៈ កម្មការជ្រើសរើសបាន៧២នាក់ នារី ៣២នាក់ ដោយបែងចែកជា៣ប្រភេទ រួមមាន ១- ការប្រកួតជាក្រុមបុរស-នារី (ចំនួន៥៦នាក់ នារី ២៤នាក់) ដោយបែកចែកជា៨ក្រុម ២- ការប្រកួតឯកត្តជនបុរស (កីឡាករ ៨នាក់) ៣- ការប្រកួតឯកត្តជននារី (កីឡាការិនី៨នាក់)។

នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភាបានបន្តថា ការប្រកួតត្រូវបានរៀបចំចំនួន១៩ឧបសគ្គ ជាវិញ្ញាសាប្រកួត ដែលត្រូវបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើកាយសម្បទាឱ្យបានរឹងមាំស្របតាមលក្ខណៈបច្ចេកទេស ភាពវៃឆ្លាត ការគោរពវិន័យ ការសម្រេចចិត្តក្នុងស្ថានភាពពិបាក និងការទទួលខុសត្រូវចំពោះភារកិច្ចដែលខ្លួនទទួលបទបញ្ជា ក្នុងនោះរួមមាន ឧបសគ្គទី១- របាំងទាប ទី២- កៅអីបង្អែកវែង ទី៣- តុវែង ទី៤- បង្អួច ទី៥- ជណ្តើរយោល ទី៦- ជញ្ជាំងមានបំពង់ទីប ទី៧- ស្ពានយោល ទី៨- ជណ្តើរស្វា ទី៩- បន្លាលួស ទី១០- ស្នួខ្សែពួរ ទី១១- ស្នួឆ្លងអគារ ទី១២- រថយន្តក្រុង ទី១៣- ខ្សែពួរផ្លោះអូរ ទី១៤- ផ្ទះសិប្បនិម្មិត ទី១៥- ខ្សែកាបទោល ទី១៦- ខ្សែកាបភ្លោះ ទី១៧- ការដោះរៀបអាវុធ AK-47 ទី១៨- ខ្សែកាបស្រប និងទី១៩- សម្រូតខ្សែរ៉តរំលងស្រះ។

នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភាបានបញ្ជាក់ថា ចំពោះការប្រកួតនេះ គណៈកម្មការប្រកួត បានជម្រុះយកតែចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ប៉ុណ្ណោះ ដោយកីឡាករឆ្នើមទាំងបីចំណាត់ថ្នាក់នេះ ទទួលបានពាននិងរង្វាន់លើកទឹកចិត្ត។

ព្រឹត្តិការណ៍នេះ ក៏មានអមដោយក្បួនព្យុហយាត្រារបស់និស្សិតនគរបាល ចំនួន៨ផែន និងការសម្តែងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល រួមមាន ការសម្រូតខ្លួនពីទីខ្ពស់មកទីទាប ការប្រើបច្ចេកទេសអន្តរាគមន៍រំដោះចំណាប់ខ្មាំងចេញពីបន្ទប់ ការប្រើក្បាច់គុននគរបាលបង្ក្រាបជនល្មើសជួញដូរគ្រឿងញៀន និងការប្រើក្បាច់គុននគរបាលបង្រ្កាបក្មេងទំនើងល្មើសច្បាប់ចរាចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ដែលរំឭកអនុស្សាវរីយ៍ឈឺចាប់នៃការរំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជា និងក្នុងន័យឱ្យកូនខ្មែរចងចាំជានិច្ចនិងបន្តខិតខំប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការតស៊ូនិងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដ៏ឆ្នើមនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៍បានកោតសរសើរចំពោះជ័យលាភីនេះ និងបានផ្ដាំផ្ញើរឲ្យខិតខំសិក្សារៀនសូត្រ ខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយជាតិ និងបម្រើពលរដ្ឋឲ្យបានល្អ ៕