សាសនិកឥស្លាមកម្ពុជាចំនួន១២០០ នាក់ហើយ ដែលបានចេញដំណើរទៅធ្វើបុណ្យហាជ្ជ ខណៈនៅសល់១០នាក់ទៀត ដែលទទួលបានព្រះរាជទាន ពីព្រះចៅសាល់ម៉ាន


កណ្តាល៖ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សាសាសនិកឥស្លាមកម្ពុជា ចំនួន១២០០ នាក់ហើយ ដែលបានចេញដំណើរទៅធ្វើបុណ្យហាជ្ជ នៅឯប្រទេសអារ៉ាប៊ីសាអូឌីតក្នុងចំណោម១២១០នាក់ ខណៈនៅសល់១០នាក់ទៀត ដែលទទួលបានព្រះរាជទាន ពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នឹងចេញដំណើរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

នេះបើតាមការបញ្ជាក់ របស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមចំនួន ១៧០ នាក់ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាជនយើងជាទូទៅ ហើយថ្ងៃនេះ បងប្អូនយើងបានចេញទៅ ដើម្បីប្រតិបត្តិបុណ្យហាជ្ជ គឺលោកសូមផ្ដាំផ្ញើសួរសុខទុក្ខមកដល់បងប្អូនយើងទាំងអស់គ្នាឲ្យទទួលបាននូវសេចក្តីសុខសប្បាយ។

ឯកឧត្តម ក៏បានសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជានិច្ចកាល លោកតែងតែបានដោះស្រាយនូវបញ្ហាជាច្រើន ជាពិសេសនាពេលកន្លងមកពាក់ព័ន្ធនឹងចំនួនកូតាអ្នកទៅធ្វើបុណ្យហាជ្ជដែលរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់កម្រិតសម្រាប់ប្រទេសកម្ពុជាមានតែ ៦០០នាក់ប៉ុណ្ណោះ។ ដូច្នេះហើយ សម្តេចតេជោ បានចាត់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាសេនាធិការ ដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្ទាន់។ បន្ទាប់ពីបានពិនិត្យមើលជាក់ស្តែង ដែលកម្ពុជាធ្លាប់បានជួបប្រទះនូវសង្គ្រាម ខកខានមិនបានចូលរួមប្រតិបត្តិបុណ្យហាជ្ជជាង ២០ឆ្នាំ ក្រោយមក សម្តេចតេជោ បានធ្វើឲ្យមានសុខសន្តិភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ទើបក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចឲ្យចំនួន ១២០០នាក់ ដោយមិនកំណតកូតាឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ដោយមើលឃើញពីកំណើនអ្នកចង់ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានចំនួនរហូតដល់១៧០០នាក់ ហើយឯកឧត្តមបញ្ជាក់ថា គាត់គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបញ្ចប់រដូវកាលហាជ្ជីឆ្នាំនេះ ដើម្បីជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំចំនួនកូតាបន្ថែមជូនសាសនិកឥស្លាមកម្ពុជា បានទៅធ្វើបុណ្យហាជ្ជនៅឆ្នាំក្រោយៗ ឲ្យបានច្រើនបន្ថែមទៀតចន្លោះពី ១៥០០ ទៅ២០០០នាក់។

ឯកឧត្តមបានបន្ថែមថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបបងប្អួនប្រជាពលរដ្ឋមានសេដ្ឋកិច្ចល្អប្រសើរជាងមុនដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជដោយក្នុងម្នាក់ៗចំណាយថវិកាចំនួន ៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយ ជិតពេញអស់ទៅហើយ។

សូមជម្រាបជូនថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីជាង២ លាននាក់ បានអញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយសម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕