គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើជំរឿនមន្ត្រីនៅទីស្តីការក្រសួងពាណិជ្ជកម្ម


នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសធារណៈរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំនៅទីតាំងដោយផ្ទាល់ដោយឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។

ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីក្រសួងពាណិជ្ជកម្ម ថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យដោយផ្ទាល់នូវដំណើរការ នៃការធ្វើជំរឿនមន្ត្រីនៅក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់ផងដែរ។ ក្នុងដំណើរការនៃធ្វើជំរឿនដោយផ្ទាល់ពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមអង្គភាពចំណុះក្រសួងពាណិជ្ជកម្ម ចូលរួមសហការអនុវត្ត និងបានមកបង្ហាញខ្លួនក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម ជាក្រសួងទី៦ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺថ្ងៃទី១៨ និងទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងចំនួន២ គឺនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)៕