ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល អមដំណើរដោយ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលទូទាំងពិភពលោកនៃបណ្តារដ្ឋសមាជិកចំនួន១៩៤។
សូមគូសបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយដោយលោកឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់កម្ពុជា ជាមួយនឹងការដើរតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងដ៏សំខាន់ ហើយដែលត្រូវបានទទួលស្គាល់ថាជាប្រទេសគំរូមួយលើវិស័យសុខភាពសកល (Global health level) ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោកប្រកបដោយភាពជោគជ័យដោយផ្តើមពីថ្នាក់ជាតិ និងសំដៅជាគំរូតំបន់ និងអន្តរជាតិ៕
















