សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីពង្រឹងស្មារតីប្រែក្លាយការឈឺចាប់ ទៅជាការពង្រឹងសមត្ថភាព


នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលីរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅឯបរិវេណពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជាច្រើនរូប។

គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។

កម្មវិធី «ដាស់ស្មារតីជាតិ» នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងគោលបំណងដើម្បី៖

* ជំរុញការចងចាំ ផ្សាភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរឹងមាំ
* បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើង
* បង្ហាញឲ្យឃើញថា ទៅស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយកម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយស្មារតីរួបរួម ជាមួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន
* បង្កើតជាវេទិកា ជំរុញជាចលនា ផ្សាភ្ជាប់ជាមួយដៃគូឲ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត
* ពង្រឹងស្មារតី និងត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត។

នៅក្នុងកម្មវិធីនេះ នឹងមានដាក់តាំងបង្ហាញផ្ទាំងគំនូរដែលលាតត្រដាងនូវការពិតដែលកម្ពុជា បានឆ្លងកាត់ក្នុងឆ្នាំ២០២៥ (Truth Park) និងទីតាំងគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងដែលបានពលី ការតាំងបង្ហាញពីសំណល់សង្គ្រាមដូចជា ឯកសណ្ឋានរបស់កងកម្លាំងដែលបានពលី, ទង់ជាតិកម្ពុជាដែលត្រូវបានកម្ទេចដោយយោធាថៃ, បំណែកផ្ទះប្រជាពលរដ្ឋដែលបានបែកបាក់ និងខូចខាតដោយសារសង្គ្រា ការរៀបចំផ្ទាំងដែលអនុញ្ញាតឲ្យអ្នកចូលរួមបានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការឆ្ពោះទៅមុខជាប្រជាជាតិតែមួយ, ការដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, ការចាក់វីដេអូនានា រួមទាំងការសម្ដែងទស្សនីយភាពដែលរំលេចពីអត្តសញ្ញាណ និងមោទនភាពជាតិផងដែរ៕