លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារថ្លែងអំណរគុណគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរលោក ក្នុងឱកាសជាប់ឆ្នោតជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកបានសរសេរសារថា «ក្នុងនាមរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជាកិត្តិយស បំផុតដែលទទួលបានសារលិខិតអបអរសាទររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលខ្ញុំបានជាប់ឆ្នោតជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី១០ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦»។
លោកបានបន្តថា លោកផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាឡាវ និងព្រឹទ្ធសភា កម្ពុជា ក្នុងរយៈពេលកន្លងមក ដែលមានការរីកចម្រើនលើគ្រប់វិស័យឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរជាប្រចាំនូវគណៈប្រតិភូនៃប្រទេសទាំងពីរ នៅច្រើនកម្រិត ការផ្លាស់ប្តូរមេរៀនស្តីពី ការអនុវត្តតួនាទីរបស់ស្ថាប័ន នីតិប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាសភាថ្នាក់តំបន់ និងអន្តរជាតិ។
លោកប្រធានរដ្ឋសភាឡាវ ក៏មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលបានបំពេញការងារជាមួយ សម្តេចតេជោ ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ទាំងពីរឱ្យកាន់តែរឹងមាំ និងមាន ផ្លែផ្កា ក៏ដូចជាបន្តលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចរីភាព នៅក្នុងតំបន់ និងពិភពលោក៕



