ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍រៀបចំពិធីខាងលើ ក្នុងគោលបំណងដើម្បីរឹតចំណងមនោសញ្ចេតនារវាងមាតាបិតា អាណាព្យាបាល និងបុត្រធីតា បង្កើនការផ្តល់សេចក្តីស្រឡាញ់ ព្រហ្មវិហារធម៌ និងគំរូល្អៗដល់កុមារ តាមរយៈការរៀបចំកម្មវិធីអប់រំ និងកម្មវិធីកម្សាន្តសប្បាយ ដើម្បីបានជាចំណេះដឹងដល់កុមារ និងការស្វែងយល់អំពីការ បំពេញការងារនៅទីកន្លែងធ្វើការរបស់មាតាបិតា និងអាណាព្យាបាលផងដែរ។
ក្រសួងបានអញ្ជើញថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ត្រីរាជការ មន្ត្រីជំនួយការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងទេសចរណ៍ នាំបុត្រធីតា ឬចៅៗ ចូលរួមឱ្យបានកុះករ ដើម្បីបង្កើតបរិយាកាសកក់ក្តៅដល់កុមារ និងកសាងសុខដុមនីយកម្មក្នុងសង្គមជាតិកម្ពុជា។ សូមថ្នាក់ដឹកនាំ គ្រប់អគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាន និងអង្គភាពទាំងអស់ក្រោម ឱវាទក្រសួងទេសចរណ៍ ផ្ញើបញ្ជីឈ្មោះបុត្រធីតា ឬចៅៗ មកនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅឱ្យបាន ត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦៕


