រដ្ឋមន្ដ្រី ហួត ហាក់ ចុះពិនិត្យក្រុមហ៊ុនទេសចរណ៍ដ៏ធំនៅចិន ដែលចូលរួមយ៉ាងសកម្មនាំភ្ញៀវទេសចរចិនពីខេត្តហៃណាន មកទស្សនាកម្ពុជា


តបតាមការអញ្ជើញរបស់លោក Chen Yuwan អគ្គនាយកក្រុមហ៊ុន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យសំណេះសំណាល និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំ Hainan Wenhua Tourism Group Co., Ltd. ដែលបានចូលរួមយ៉ាងសកម្មរហូតមក ក្នុងការនាំភ្ញៀវទេសចរចិនពីខេត្តហៃណាន មកទស្សនាកម្ពុជាយ៉ាងច្រើន និងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិនរហូតមក។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋមន្ដ្រី ហួត ហាក់ បានកោតសរសើរវាយតម្លៃ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានតួនាទីយ៉ាងសកម្ម និងជាក់ស្តែងក្នុងការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា-ចិន។

លោករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ពីការត្រៀមលក្ខណៈជាស្រេចរបស់កម្ពុជា និងប្រតិបត្តិករទេសចរណ៍កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរចិន និងអន្តរជាតិ ក្នុងការអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការជូនប្រជាជនចិន និងទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង៕