សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រតិ ២ ជំនាន់ទី ២៤


នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រតិ ២ ជំនាន់ទី ២៤។ ពិធីបិទវគ្គអប់រំនយោបាយនេះ ក៏មានការអញ្ជើញជាចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការ នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។ សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សសម្តែងនូវការសប្បាយរីករាយជាអតិបរមាដោយមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៤។ សម្តេចបានសួរសុខទុក្ខឯកឧត្តម លោកជំទាវ ក្មួយៗជាសិក្ខាកាមទាំងអស់ប្រកបដោយមនោសញ្ចេតនារាប់អាន និងនឹករឭកដ៏ជ្រាលជ្រៅជាទីបំផុត។ ជាមួយនេះ សម្តេចក៏សូមនាំមកជាមួយនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងសព្វសាធុការពរដ៏ល្អបវរមហាប្រសើរអំពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរដ្ឋស្តីទី អំពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស អំពីសំណាក់សម្តេចអនុប្រធានគណបក្សទាំងអស់ ព្រមទាំងពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ជូនដល់អង្គពីធីទាំងមូល។

បន្ទាប់បានស្តាប់ដោយយកចិត្តទុក្ខដាក់នូវរបាយការណ៍របស់ឯកឧត្តមប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស អំពីដំណើរការនៃវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាម រួចមក សម្តេចភក្តី សាយ ឈុំ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ គណៈគ្រប់គ្រងវគ្គសិក្សា គ្រូឧទ្ទេស សិក្ខាកាម មន្រ្តី បុគ្គលិកបម្រើការងាររបស់វគ្គដែលបាននាំគ្នាធ្វើឱ្យវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៤ នេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនេះឡើង ដែលនេះ គឺជាសមិទ្ធផលមួយថ្មីទៀតក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សយើង។ សម្តេចភក្តីបានគូសបញ្ជាក់ថា ចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបានពីវគ្គសិក្សានេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងមើលឃើញនូវរាល់ការងារដែលយើងបានអនុវត្តកកន្លងមក តើមានចំណុចណាដែលជាចំណុចល្អ ចំណុចត្រឹមត្រូវ ដែលយើងគប្បីបន្តពង្រឹង និងពង្រីកឲ្យកាន់តែល្អជាងនេះទៀត ហើយមានចំណុចណាខ្លះ ដែលជាចំណុចមិនល្អ ជាចំណុចខុសឆ្គង ដែលយើងត្រូវតែកែលម្អ ឬក៏ថាកែតម្រូវ ឬក៏តស៊ូកម្ចាត់ចោលឲ្យបាន។ សម្តេចបន្តថា ម្យ៉ាងវិញទៀតចំណេះដឹង ដែលយើងទទួលបានពីការសិក្សានេះ ក៏ជាប្រទីបបំភ្លឺផ្លូវ ឬក៏អាចនិយាយបានថា ជាត្រីវិស័យដែលនឹងនាំយើងឲ្យអនុវត្តបានល្អត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស និងបទបញ្ជាផ្ទៃក្នុង តាមកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋ។ តាមរយៈនេះ យើងក៏នឹងពង្រឹងបាននូវគោលជំហរខាងនយោបាយ សតិអារម្មណ៍ គោលជំហរចាត់តាំងរបស់យើងម្នាក់ៗផងដែរ។

ក្នុងឱកាសននេះ សម្តេចភក្តី សាយ ឈុំ បានគូបបញ្ជាក់ពីកត្តាដែលនាំឱ្យវគ្គអប់រំនយោបាយយើងទទួលបានលទ្ធផលល្អដូចនេះ គឺដោយសារកត្តាមួយចំនួន រួមមាន ៖ ១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត ២.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត ក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ ៣.ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់វគ្គសិក្សា ៤.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ, ការគោរពវិន័យរបស់វគ្គ, ការរឹតចំណងមិត្តភាពរវាងគ្នា និងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស មិនតែប៉ុណ្ណោះ សិក្ខាកាមយើងបានកសាងនូវមិត្តភក្តិថ្មីៗច្រើនទៀតនៅក្នុងវគ្គសិក្សានេះ ៥.ការខិតខំប្រឹងប្រែងរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកអប់រំទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន និងទី៦.អាស្រ័យដោយបរិយាកាសសង្គម បានបង្កលក្ខណៈឲ្យសិក្ខាកាមយើង បានមករៀនសូត្រដោយស្ងប់ចិត្តជាពិសេសសិក្ខាកាមយើងដែលអញ្ជើញមកពីបណ្ដាខេត្ត។

ក្នុងនាមគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈុំ មានជំនឿជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្មួយៗជាសិក្ខាកាមទាំងអស់ ពិតជានឹងយកចំណេះដឹងទាំងអស់ដែលទទួលបានពីវគ្គអប់រំនេះ ទៅហាត់ពត់លត់ដំខ្លួនក្នុងគ្រប់ចលនាត្រជាក់ក្តៅរបស់គណបក្ស ដើម្បីកសាងខ្លួនជាមន្រ្តីល្អរបស់គណបក្ស ជាអ្នកបន្តវេនរបស់គណបក្សដ៏មានសក្តានុពល នៅពេលអនាគត។