នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ទីប្រឹក្សាជាតិនិងអន្តរជាតិ អញ្ជើញអមដំណើរលោកជំទាវក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី និងលោកជំទាវនាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីត្រួតពិនិត្យតាមដាននូវវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមជម្រាបថា បេសកកម្មចុះពិនិត្យតាមដានវឌ្ឍនភាពគម្រោងនាពេលនេះ មានការអញ្ជើញចូលរួមពីអង្គភាពគ្រប់គ្រងនិងអនុវត្តគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីបច្ចេកទេស ទីប្រឹក្សា អង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងខេត្តគោលដៅអនុវត្តគម្រោងជាច្រើនរូបផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធនេះដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល និងការដាំដុះបានគ្រប់រដូវកាល ជាពិសេសនៅរដូវប្រាំង ដើម្បីរួមចំណែកបង្កើនចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលកន្លងមក និងបច្ចុប្បន្ននៅតែជាដៃគូវិនិយោគដ៏ធំ លើវិស័យធនធានទឹក ហើយដែលជាតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្នក៏ដូចទៅថ្ងៃអនាគត៕


