សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវជាតិលេខ៧ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែ០៧ ឆ្នាំ២០២៦ខាងមុខ


(ត្បូងឃ្មុំ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ផ្លូវជាតិលេខ៧ នឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែ០៧ ឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីបានដំណើរការសាងសង់ឡើងវិញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់សម្ដេច ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រឿងដែលបំបែកជាពីរនេះ សក្ដានុពលកសិកម្មនៅខាងកើតទន្លេទាំងអស់ តែឥឡូវខាងហ្នុងក៏រីកដែរ ព្រោះវារីកពីភ្នំពេញមកវិញ។ ហើយចាប់ផ្ដើមបុកពីទិសខាងជើង ឥឡូវផ្លូវជាតិលេខ៧ ត្រូវទៅសម្ភោធថ្ងៃ៧ ខែ៧ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា ថាអត់ចាំ២០២៧ទេ ខ្លាចយូរពេក»

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា៖ «តែការតភ្ជាប់នេះ នឹងបង្កើនសកដ្ដានុពលតភ្ជាប់បន្ថែម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដែលខ្ញុំថាប្រែក្លាយពីមួយហិកតា ស្រូវ៣តោន ឬ ៥តោន ដែលទិន្នផលខ្ពស់គុណទៅបានប៉ុន្មានទៅជា មួយហិកតា អាចបង្កើតការងារ រោងចក្រ ជាតំបន់សេដ្ឋកិច្ចពិសេស បានរាប់រយ រាប់ពាន់លាន បង្កើតចំណូលជូនគ្រួសាររាប់រយ រាប់ពាន់នាក់ នេះជាការអភិវឌ្ឍរបស់យើង។ ដូចនិយាយអញ្ចឹង យើងមិនអាចបំភ្លេចនូវសន្តិសុខស្បៀងរបស់យើងបានទេ យើងមិនអាចចោលទាំងអស់នោះទេ។  យើងមានភារកិច្ចធ្វើឲ្យកសិកមានចំណូលគាត់កើន មិនថាដំណាំណា ឬដំណាំនោះនោះទេ នេះគឺជាគោលដៅសំខាន់»

ជាការកត់សម្គាល់ ផ្លូវជាតិលេខ៧ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CABC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ាន់ អាន។ គម្រោងធ្វើផ្លូវនេះ មានបញ្ចូលនូវការសាងសង់ស្ពានថ្មី ១កន្លែង ប្រវែង៤០ម៉ែត្រជាមួយទទឹង ២៤ម៉ែត្រ, ស្ពានថ្មី៦កន្លែងផ្សេងទៀតប្រវែងសរុប ១០៦ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់១កន្លែង ទទឹង ១០,៥ម៉ែត្រ។ នៅតាមផ្លូវនឹងមានបំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ជាដើម។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាមនេះ ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២គន្លងទៅ៤គន្លង ដោយមានសួនពុះទ្រូងផ្លូវប្រវែង១.៥ម៉ែត្រ ដែលមានតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន៕