សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ


(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនយកពន្ធលើការនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនោះទេ ពោលគឺដើម្បីជួយឲ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងបានល្អ និងមានតម្លៃសមរម្យនៅលើទីផ្សារអន្តរជាតិ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នងឱកាសដែលសម្ដេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «សូម្បីតែផលិតផលសម្រេច ដូចកង់ឡាននាំទៅក្រៅដូចអត់ជាប់ពន្ធផង បានន័យថា យើងទម្លាក់ពន្ធ អត់យកពន្ធទេ ដើម្បីផលិតផលនេះប្រកួតប្រជែង ចឹងផលិតផលកង់ឡានយើង បើរដ្ឋមិនយកពន្ធអាចលក់បានចំណេញហើយតម្លៃសមរម្យប្រកួតប្រជែង ចឹងគាត់មានលទ្ធភាពមកទិញកៅស៊ូទិញអីតម្លៃខ្ពស់ ដើម្បីបូកចឹងយើងទុកជួយដល់កសិករយើងតាមហ្នឹង»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការមិនយកពន្ធលើផលិតផលកង់ឡាននាំចេញ គឺដើម្បីជួយឲ្យរោងចក្រផលិតទទួលបានផលចំណេញ និងអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន។ ជាពិសេស រោងចក្រអាចទិញកៅស៊ូពីប្រជាកសិករក្នុងតម្លៃល្អផងដែរ ដែលជាការជួយដល់ប្រជាពលរដ្ឋ និងវិស័យកសិកម្ម។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលតែងគិតគូរផលប្រយោជន៍សេដ្ឋកិច្ចជារួម ទោះបីកន្លែងខ្លះរដ្ឋត្រូវខាតបង់ចំណូលខ្លះក៏ដោយ ប៉ុន្តែបើអាចជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អ និងសេដ្ឋកិច្ចដំណើរការល្អ នោះគឺជាផលចំណេញរបស់ប្រទេសជាតិទាំងមូល។

យោងតាម Fresh Ai បានបង្ហាញថា ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២៦ (មករា ដល់ មីនា) កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងតម្លៃជាង ៤៧២លានដុល្លារ កើនឡើង ៤២.៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទីផ្សារធំជាងគេដែលបានទិញសំបកកង់រថយន្តពីកម្ពុជាគឺ សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៣៥៨លានដុល្លារ។

ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង ៥៧.៨៦% បើធៀបនឹងឆ្នាំ២០២៤។ ការកើនឡើងនេះគឺដោយសារតែការទាក់ទាញវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យមានរោងចក្រផលិតសំបកកង់រថយន្តមកដាក់ទុនវិនិយោគនៅក្នុងប្រទេស៕