(បន្ទាយមានជ័យ)៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា៧ខ្នង ស្នេីនឹង២៧បន្ទប់ នៅស្រុកព្រះនេត្រព្រះ ជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
ពិធីក៏មានការចូលរួមពីម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) និងលោកស្រី អានេត បូល័រ (Annette Bowler) គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ អង្គការ ដៃគូរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះករ ប្រារព្ធធ្វើនៅសាលាបឋមសិក្សាកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
ម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ទីរអបរ់ យុវជន និងកីឡា ខេត្ត ការិយាល័យ អប់រំស្រុក នាយកសាលា តែងតែមានការសម្របសម្រួល ដល់ក្រុមការងាររបស់លោក ក្នុងការជួយដល់សិស្សានុសិស្ស ជាពិសេសតាមរយៈនៃការសាងសង់ ឬជួសជុលសាលារៀន ឲ្យមានសោភ័ណភាពឡើងវិញ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់លើវិស័យអប់រំ ក៏ដូចជាដើម្បីឲ្យកុមារមានអគារសិក្សាបានរៀនសូត្រសមរម្យប្រកបដោយចំណេះដឹង។
លោកក៏បានបន្តថា ចំពោះជំនួយដែលសមាគមនទទួលបានយកមកសាងសង់ និងជួសជុលសាលារៀននេះ គឺកើតចេញពីការសាមគ្គីរវាង មិត្តភក្តិ បងប្អូន បរទេស ចូលរួមជាថវិកាដើម្បីជួយដល់សាលារៀននៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ជាក់ស្តែងក្នុងស្រុកព្រះនេត្រព្រះ ជាដេីម។
នាឱកាស ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងនូវអំណរគុណចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់អគារសិក្សា សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការជួយសាងសង់ជួសជុល និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ការបំពាក់សម្ភារ-បរិក្ខាសិក្សា ការគាំទ្រដល់ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលនេះគឺជាផ្នែកមួយរួមចំណែកក្នុងការលើកកម្ពស់ និងកែលម្អគុណភាពសេវាអប់រំសិក្សា ឲ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។
ឯកឧត្តមបន្តថា សមាគមតែងតែជួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដែលជាការបរិច្ចាគរបស់សមាជិក នៃសមាគម ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ហើយពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ។
សូមបញ្ជាក់ថា អគារសិក្សា៧ខ្នង ស្មើ២៧បន្ទប់ ដែលជាអំណាយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយអស់ទឹកប្រាក់សរុប៥៥៤,៧៣២ដុល្លារ ក្នុងនោះមាន សាលាបឋមសិក្សាស្រមោច ១ខ្នង ៤បន្ទប់, សាលាបឋមសិក្សាពពេល ១ខ្នង ៣បន្ទប់, សាលាបឋមសិក្សាកន្ត្រប់ ១ខ្នង ៦បន្ទប់, សាលាបឋមសិក្សាសំរោង ១ខ្នង ៣បន្ទប់, សាលាបឋមសិក្សាទឹកជោរ ២ខ្នង ៧បន្ទប់ និងសាលាបឋមសិក្សាភូមិថ្មី ១ខ្នង ៤បន្ទប់៕























