(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលបានប្រព្រឹត្តទៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនមែនគ្រាន់តែជាយុទ្ធនាការរៃអង្គាសថវិកាធម្មតាទេ ប៉ុន្តែយុទ្ធនាការនេះគឺជារលកចលនាមនុស្សធម៌ដ៏មានអត្ថន័យមួយ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងទឹកចិត្តអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា។
ជាងនេះទៀតនៅពីក្រោយថវិកា ១ម៉ឺនរៀល មិនមែនជាចំនួនទឹកប្រាក់តិចតួចមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃការបន្តដង្ហើមសម្រាប់ទារក កុមារ ដែលកំពុងទន្ទឹងរង់ចាំការសង្គ្រោះ ជារបាំងមួយជួយឲ្យក្រុមគ្រូពេទ្យអាចបន្តបំពេញបេសកកម្មសង្គ្រោះអាយុជីវិតកុមារ និងទារកដែលកំពុងទន្ទឹងរង់ចាំការសង្គ្រោះ។ ជាងនេះទៀតការជួយសង្គ្រោះកុមារនៅថ្ងៃនេះ គឺជាការកសាងមូលធនមនុស្សដ៏មានតម្លៃសម្រាប់ថ្ងៃស្អែក (ព្រោះពួកគេអាចក្លាយជា គ្រូបង្រៀន គ្រូពេទ្យ វិស្វករ និងអ្នកដឹកនាំ) ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោកជំទាវបណ្ឌិតបន្តថា «ឆ្នាំ២០២៦នេះជាឆ្នាំមួយដែលយើងប្រឈមនឹងសម្ពាធ និងប្រាកដជា ទាំងសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមក្នុងតំបន់ មួយចំនួនក្នុងតំបន់។ ស្ថានភាពបែបនេះអាចធ្វើឱ្យការចូលរួមបរិច្ចាគមានការលំបាកជាងមុន ប៉ុន្តែជំងឺរបស់កុមារមិនរង់ចាំឱ្យស្ថានភាពសេដ្ឋកិច្ចប្រសើរឡើងសិននោះទេ ព្រោះតម្រូវការក្នុងការព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តកើតមានជាដរាបរាល់ថ្ងៃ។ ការចូលរួមចំណែករបស់យើងនាពេលនេះ គឺកាន់តែមានន័យ និងកាន់តែមានតម្លៃជាងពេលណាៗទាំងអស់។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ការចែករំលែកបន្តិចបន្តួចអាចក្លាយជាកម្លាំងដ៏ធំសម្រាប់អ្នកដែលកំពុងធ្វើការជាមួយ ហើយជាស្មារតីដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ទោះបីជានៅក្នុងកាលៈទេសៈណា ខ្មែរនៅតែជួយខ្មែរ»។
ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត បន្តដឹកនាំសហការ សម្របសម្រួល និងជំរុញការចូលរួមបរិច្ចាគយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ កាន់តែសកម្ម និងទូលំទូលាយ ឱ្យក្លាយជាស្មារតីចលនាមនុស្សធម៌ប្រចាំឆ្នាំដ៏មានអត្ថន័យ ដើម្បីកុមារកម្ពុជា។
លោកជំទាវបណ្ឌិតបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នឹងបន្តក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានអត្ថន័យ ដែលជួយរំលឹក និងបំផុសស្មារតីសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សានូវនិរន្តរភាពបេសកកម្មដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព និងមិនមានការរើសអើង។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានរំលឹកពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតមូលនិធិនេះឡើង ក៏ដូចជាការលះបង់ដ៏ធំធេងរបស់ លោកវេជ្ជបណ្ឌិត បេអាត រីជ្នឺ (Beat Richner) ក្នុងការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ក្រោមគោលការណ៍ «ព្យាបាលប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង»។
ជាមួយគ្នានេះលោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ ក្នុងការបំប្លែងទឹកភ្នែក និងការព្រួយបារម្ភរបស់អាណាព្យាបាល ឱ្យក្លាយជា «ស្នាមញញឹម» ត្រឡប់ទៅផ្ទះវិញ ដែលនេះជារង្វាន់ដ៏ធំធេងបំផុតសម្រាប់ការបរិច្ចាគ។
សូមជម្រាបថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏រឹងមាំ និងទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជាតិ និងសប្បុរសជនគ្រប់ទិសទី ក្នុងការរួមគ្នាបន្តដង្ហែតាមសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីធានាថា កុមារកម្ពុជារាប់លាននាក់នឹងនៅតែទទួលបានការថែទាំសុខភាព និងព្យាបាលដោយសេរីនៅមន្ទីរពេទ្យគន្ធបុប្ផា។
នេះជាលើកទី ៣ហើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ និងបើក «យុទ្ធនាការ: ១ ម៉ឺនរៀល, ១ ម៉ឺន នាក់» ដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់ បន្ទាប់ពីលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសដ៏ថ្លៃថ្លា ក្នុងការដឹកនាំ និងការបើកយុទ្ធនាការនេះ លើកទី១ ក្នុងឆ្នាំ២០២៤ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប និងលើកទី២ ក្នុងឆ្នាំ២០២៥ នៅរមណីយដ្ឋានវត្តភ្នំ នៃរាជធានីភ្នំពេញ, ក្រោយពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, និង លោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយស ដ៏ឧត្តុង្គឧត្តម ធ្វើជាសហប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ។
សម្រាប់យុទ្ធនាការនាថ្ងៃនេះ ត្រូវបានរៀបចំឡើងចំនួន ៤លើករួចមកហើយ,ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់បណ្ដាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, បុគ្គលមានប្រជាប្រិយភាព, សារព័ត៌មាន ជាតិ និង អន្តរជាតិ, ព្រមជាមួយនឹងការចូលរួមបរិច្ចាគ យ៉ាងផុសផុល ពីសំណាក់សប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន ។ជាក់ស្តែងកាលពីឆ្នាំ២០២៥ កន្លងទៅ, ក្រោមការដឹកនាំដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, យុទ្ធនាការនេះទទួលបានថវិកាបរិច្ចាគ សរុបជាង ៦លានដុល្លារអាមេរិក ដោយមានអ្នកចូលរួមបរិច្ចាគ ប្រមាណជាង ៣០ម៉ឺននាក់ ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាកម្លាំងចិត្តមួយដ៏ខ្លាំង ដែលជំរុញឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចបន្តរៀបចំ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦»៕
























































