ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ លើកទី២ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» បានទទួលការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជន ដោយមានអ្នកចូលរួមរត់ជិត២,០០០នាក់ និងប្រមូលថវិកាបាន ១០៤,០០០,០០០រៀល (ប្រហាក់ប្រហែល២៥,៩០០ ដុល្លារអាមេរិក) ដើម្បីប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ។
កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ និងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ដោយចុះឈ្មោះចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈ QR Code ក្នុងតម្លៃ ៥០,០០០រៀល/នាក់។
ព្រឹត្តិការណ៍រត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» គឺជាព្រឹត្តិការណ៍រត់លើកទី២ រៀបចំដោយក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News) បានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោរ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងថា ព្រឹត្តការណ៍រត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» គឺមានអ្នកចូលរួមរត់ចំនួន ១ ៧០០នាក់ មាន ១១ សញ្ជាតិ ហើយការរៀបចំព្រឹត្តការណ៍នេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពកុមារ និងរួមចំណែកជួយសង្គម។ ប្រាក់ចំណូលទាំងអស់ពីការចូលរួម នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ចូលរួមជាមួយយើងថ្ងៃនេះ ដើម្បីផ្លាស់ប្តូរអនាគតកុមារ! រត់ដើម្បីកុមារ! ថ្ងៃនេះ យើងរត់មិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែយើងរត់ដើម្បីកុមារ រត់ដើម្បីក្តីសង្ឃឹម និងរត់ដើម្បីអនាគតរួមរបស់យើង។ រាល់ជំហានរបស់យើងថ្ងៃនេះ គឺជាជំហាននៃក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងអនាគតល្អប្រសើរសម្រាប់កុមារ»។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពលើកកម្ពស់សុខភាព និងការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការចែករំលែករបស់ប្រជាពលរដ្ឋខ្មែរ ចំពោះកុមារដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថវិកាដែលប្រមូលបានពីការចូលរួមរត់ និងការចូលរួមឧបត្ថម្ភពីសប្បុរសជននានានឹងត្រូវយកទៅចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងបេសកកម្មផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃជូនកុមារកម្ពុជា រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
ជោគជ័យនៃព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹង និងការចូលរួមរបស់សាធារណជនក្នុងកិច្ចការមនុស្សធម៌ ព្រមទាំងបញ្ជាក់ថា ការរួមគ្នារបស់មនុស្សម្នាក់ៗ អាចបង្កើតជាកម្លាំងដ៏ធំមួយ ដើម្បីជួយកុមារកម្ពុជា និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សង្គមជាតិ៕










































