ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលគ្រប់អាយុ ត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុង «វេទិកាពិភាក្សាជាមួយយុវជនគណបក្សខេត្តព្រៃវែង»នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ពិធិនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង, លោកអនុប្រធានគណៈប្រចាំការនៃ យ.គ.ក., លោកប្រធានផ្នែក និងតំណាងផ្នែកចំណុះនៃ យ.គ.ក. ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែន ចំណុះ នៃគណៈកម្មាធិការគណបក្សខេត្តព្រៃវែង សរុបអ្នកចូលរួមប្រមាណ ចំនួន ១៤៥១ រូប។
គូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ក្រៅតែពីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលគ្រប់អាយុ ត្រូវចូលបំពេញកាតព្វកិច្ចយោធា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនជំពាក់គុណយើងទេ យើងទាំងអស់គ្នាទេ ដែលជំពាក់គុណគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា “ វិស័យការពារជាតិយើងខ្លាំង ទាល់តែធនធានមនុស្សយើងខ្លាំង និងសេដ្ឋកិច្ចយើងខ្លាំង”។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានស្នើសុំក្រុមការងារយុវជនគណបក្សខេត្ត សហការជាមួយគណៈកម្មាធិការគណបក្សខេត្តគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ហើយត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំដល់ថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី ហើយត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត ហើយត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត បានប្រាប់ដល់ថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ត្រូវក្តាប់ឲ្យបានពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់អាណត្តិទី៦ ដោយខិតខំត្រៀមលក្ខណៈសម្បត្តិសំដៅធានាឲ្យបាននូវជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់គណបក្ស លេខ១៤៣/០៤២៦ សសគក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្គាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕































