ឧត្តមសេនីយ៍ឯក លន់ សុផាត សំណេះសំណាលជាមួយសិក្ខាកាម វគ្គហ្វឹកហាត់ «ការគ្រប់គ្រង និងបញ្ជាសុនខជំនាញ»


ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសិក្ខាកាមវគ្គហ្វឹកហាត់ «ការគ្រប់គ្រង និងបញ្ជាសុនខជំនាញ» នៅអង្គភាពអន្តរាគមន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិសន្តិបណ្ឌិត ស សុខា និងលោក នាយឧត្តមសេនីយ៍ ស ថេត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទំនុកបម្រុង ដល់វគ្គបណ្តុះបណ្តាល សំដៅលើកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ពិសេសការពង្រឹងសមត្ថភាព ជំនាញដល់កងកម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងការវិវឌ្ឍន៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយចាត់ទុកថា ជាការចូលរួមយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ និងវិជ្ជាជីវៈ ការគោរពវិន័យ ស្របតាមផែនការកំណែទម្រង់ និងទំនើបកម្មរបស់កងកម្លាំងនគរបាលជាតិ ប្រកប​ដោយប្រសិទ្ធភាព ដើម្បីរួមចំណែកពង្រឹងគុណភាពការងារ និងលើកកម្ពស់សមត្ថភាពកងកម្លាំង ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់ថវិកាចំនួន ១០លានរៀល និងអង្ករចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គភាពអន្តរាគមន៍ ផងដែរ។

សូមជម្រាបថា វគ្គហ្វឹកហាត់ «ការគ្រប់គ្រង និងបញ្ជាសុនខជំនាញ» នេះមានរយៈពេល ៥ខែ ដោយមានគ្រូឧទ្ទេសនាមជំនាញចំនួន ៨រូប (ឧបត្ថម្ភ ថវិកាម្នាក់ ២០ម៉ឺនរៀល) និងមានសិក្ខាកាមសរុបចំនួន ៦៦នាក់ (ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល) មកពីបណ្ឌិត្យសភានគរបាលជាតិ អង្គភាពតម្រួតបទបញ្ជា និងស្នងការដ្ឋាននគរបាលខេត្តចំនួន ១៦ រាជធានី-ខេត្ត រួមជាមួយសុនខជំនាញសរុប ៣៣ក្បាល៕