ផ្ទះ៣ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ


បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ៣ម៉ឺនដុល្លារអាមេរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះសាងសង់ផ្ទះចំនួន ៣ខ្នង និងអណ្តូងទឹកចំនួន ៣អណ្តូង ជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះនិងអណ្តូងខាងលើនេះ បានសាងសង់រួចរាល់កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ហើយដែលពិធីប្រគល់-ទទួលជាផ្លូវការបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះ បានប្រគល់ជូនគ្រួសារទី១ លោកយាយ យ៉ុង យុត អាយុ ៧២ឆ្នាំ រស់នៅជាមួយកូនប្រុសឈ្មោះ កេម ចាន់ធា អាយុ ៣៤ឆ្នាំ។ គ្រួសារទី២ លោកតា យិត សុខ អាយុ ៧០ឆ្នាំ ជាជនពិការជើងម្ខាង រស់នៅជាមួយភរិយាឈ្មោះ ដួង ច័ន្ទ អាយុ ៦៤ឆ្នាំ និងចៅស្រី។ គ្រួសារទី៣ លោកតា នូ យិន អាយុ ៧២ឆ្នាំ រស់នៅជាមួយភរិយាឈ្មោះ អែម សុច អាយុ ៦៩ឆ្នាំ និងចៅស្រី។ គ្រួសារនីមួយៗទទួលបាន ផ្ទះ ១ខ្នង ដែលផ្ទះនីមួយៗមានទំហំ ៦ម៉ែត x ៧ម៉ែត សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយនិងបន្ទប់ទឹកក្នុងផ្ទះ មានបំពាក់ប្រព័ន្ធសូឡាបំភ្លឺខាងក្នុងនិងខាងមុខផ្ទះ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ ព្រមទាំងអណ្តូងស្នប់មួយ ដែលចំណាយថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវព្រះរាជសវនីយ៍ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ៣ខ្នង ក៏ដូចជាលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមអបអរសាទរនាពេលនេះ ។

លោកជំទាវជម្រាបជូនថា «សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសប្រទាននូវព្រះរាជទ្រព្យចំនួន ៣ម៉ឺនដុល្លារអាម៉េរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ផ្ទះចំនួន ៣ខ្នង និងប្រគល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតសម្រាប់ប្រជាជនប្រើប្រាស់ រស់នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាកាសនេះ» ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ ក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត។

ទន្ទឹមនឹងនេះលោកស្រី បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន ជាពិសេសប្រុងប្រយ័ត្នពីជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី និងការទទួលទានគ្រឿងស្រវឹងបណ្តាលឱ្យខូចសុខភាពហើយថែមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ។

សូមបញ្ជាក់ជូនថា ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ និងក្នុងឱកាសខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជារៀងរាល់ឆ្នាំ បានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ៣១ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៧ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។

ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៦អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៩ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕