ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមការតាំងពិពរណ៍ពាណិជ្ជកម្ម អាងយ៉ាងទិញបៀង នៅក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដែលការតាំងពិរពណ៍នេះ មានការចូលរួម ពីក្រុមហ៊ុនមកខេត្តអាងយ៉ាង របស់វៀតណាម និងខេត្តចម្ប៉ាសាក់ របស់ឡាវ និងក្រុមកម្ពុជា ទៅពីខេត្តតាកែវ, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកទឹកចិត្តក្រុមហ៊ុនមកពីប្រទេសវៀតណាម និងឡាវ ពិចារណាចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តតាកែវ។
អភិបាលខេត្តតាកែវ បានបន្តថា បច្ចុប្បន្ននេះខេត្តតាកែវកំពុងតែបើកទ្វារចំហស្វាគមន៍គ្រប់បណ្ដាអ្នកវិនិយោគិន មកពីក្រៅប្រទេសចូលមកបណ្ដាក់ទុនវិនិយោគ ដើម្បីធ្វើយ៉ាងណាបង្កើនចំណូលដល់សេដ្ឋកិច្ចខេត្ត និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវឲ្យមានការងារធ្វើកាន់តែច្រើនឡើង ដូច្នេះសូមអ្នកវិនិយោគនៅក្នុងខេត្តអាងយ៉ាងរបស់ប្រទេសវៀតណាម និងក្រុមហ៊ុនវិនិយោគរបស់ឡាវ នៅក្នុងខេត្តចំប៉ាសាក់ អាចធ្វើការទំនាក់ទំនង និងមកសិក្សាស្វែងយល់ពីសក្ដានុពលមួយចំនួនក្នុងខេត្តតាកែវ ដើម្បីធ្វើការវិនិយោគ។
អភិបាលខេត្ត បានលើកឡើងបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅពេលនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងការវិនិយោគ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ហើយពិព័រណ៍នេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្លាស់ប្តូរផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមាសសម្រាប់ពាណិជ្ជករ និងវិនិយោគិន ក្នុងការស្វែងរកដៃគូសហការ និងពង្រីកទីផ្សារទៅវិញទៅមកផងដែរ។
ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រុមហ៊ុនពីប្រទេសវៀតណាម និងប្រទេសឡាវ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការចូលមក វិនិយោគដោយមិនឱ្យអ្នកវិនិយោគមានការព្រួយបារម្ភអ្វីឡើយ៕
















