ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស ធម៌របស់សាខាទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
នាឱកាសនោះឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដាំដើមឈើនៅជុំវិញផ្ទះឲ្យបានច្រើន ដើម្បីជួយការពារគ្រោះធម្មជាតិបានមួយចំណែក និងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចពេលមានភ្លៀង ឬខ្យល់កន្រ្តាក់ម្ដងៗ ដោយឡែកអាជ្ញាធមូលដ្ឋានត្រូវស្វែងរកទីទូលសុវត្ថិភាពដើម្បីជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះអសន្នកើតឡើង និងត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
គួបញ្ជាក់ថា សម្ភារៈដែលបានប្រគល់ជូនដល់គ្រួសាររងគ្រោះទាំង ៤៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ ប្រេងឆា ១លីត្រ, ទឹកត្រី ៣ដប, ទឹកស៊ីអ៉ីវ ៣ដប, នំកញ្ចប់ធំ១ មុង ១, ភួយ ១, កន្ទេល ១, សារុង ១, ក្រមា ១ ថវិកាចំនួន ២០,០០០រៀល៕













