ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធពិព័រណ៍ សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាម៉េរិក តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រឹះស្ថានសិក្សា និងភ្ញៀវកិត្តិយសរបស់ស្ថានទូត ប្រមាណ ៧០រូប នៅមជ្ឈមណ្ឌល AmCam Exchange ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Sqaure។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកសហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរអភិវឌ្ឍន៍។
ឯកឧត្តម ជា វ៉ាន់ដេត បានឲ្យដឹងថា ការគាំទ្ររបស់សហរដ្ឋអាម៉េរិក បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជាច្រើន រួមមាន ការអប់រំ សុខាភិបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច ការដោះមីន ការអភិរក្សវប្បធម៌ និងការពង្រឹងសមត្ថភាពស្ថាប័ន។
បន្ថែមលើនេះ សហរដ្ឋអាម៉េរិក ក៏បានចូលរួមចំណែក ក្នុងការកសាងធនធានមនុស្ស តាមរយៈកម្មវិធីផ្លាស់ប្តូរការអប់រំ អាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វ៉ាន់ដេត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្នុងការបំផុសគំនិតសហគ្រិន ការគាំទ្រធុរកិច្ចថ្មី (startups) និងការលើកកម្ពស់បរិស្ថាននវានុវត្តន៍នៅទូទាំងពិភពលោក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ជាពិសេស លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ៕











