ចិនគាំទ្ររាល់ចំណាត់ការ របស់កម្ពុជាដើម្ប រក្សាស្ថេរភាពនយោបាយ អធិបតេយ្យភាព និងឯករាជ្យភាព


ភ្នំពេញ៖ ក្រោយតុលាការកំពូល សម្រេចរំលាយគណបក្ស សង្រ្គោះជាតិ លោក Cao Jiangming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្ដែងការគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាស្ថេរភាពនយោបាយ អធិបតេយ្យភាព ឯករាជ្យភាព វិបុលភាព និងការអភិវឌ្ឍន៍។

ការលើកឡើងរបស់លោក Cao Jiangming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូលចិនបែបនេះបានធ្វើឡើងក្នុងឱកាស លោក ចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះនាវិមានសន្តិភាពបន្ទាប់ពីតុលាការកំពូលកម្ពុជាសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ។

លោក Cao Jianminh បានជំរាបជូនសម្តេចថា កាលពី១០ឆ្នាំមុន លោកក៏ធ្លាប់បានមកប្រទេសកម្ពុជាម្តងរួចមកហើយ ហើយទស្សនកិច្ចនៅពេលនេះ ដើម្បីមកពិនិត្យមើលលើអ្វីដែលភាគីអយ្យការអមតុលាការកំពូលនៃប្រទេសទាំងពីរ កម្ពុជា និងចិន មានកិច្ចសហជាមួយគ្នាជាពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញឿន,និង ជួញដូរមនុស្សជាដើម។ លោកបានមានប្រសាសន៍ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងច្រើន និងមានកិច្ចសហប្រតិបត្តិការជាច្រើន រវាងប្រទេសទាំងពីរ ចិន កម្ពុជា ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចគ្នា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនលោក Cao Jiangminh ថា សម្តេចគាំទ្រជានិច្ច នូវគោលនយោបាយចិនតែមួយ ។ សម្តេចក៏បានជំរាបជូន ពីភាពរីកចំរើន របស់កម្ពុជា ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ លោក Cao Jiangminh ក៏បានបង្ហាញពីការគាំទ្រ ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម។
លោក បញ្ជាក់ថា តាមរយៈទំនាក់ទំនង រវាងប្រទសទាំងពីរ គឺមិនបានកាត់ថ្លៃបាន ដោយបានចាត់ទុកថា ប្រទេសកម្ពុជា និងប្រទេសចិន ប្រៀបដូចជាបងប្អូន គ្រួសារតែមួយ។