ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលថ្មី នៅមណ្ឌលសុខភាពកំពង់សឡៅ ស្ថិតក្នុងភូមិកំបង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃប្រព័ន្ធគមនាគមន៍ និងសេវាដឹកជញ្ជូន ដែលបានកែប្រែមុខមាត់តំបន់ដាច់ស្រយាលមួយនេះ ឱ្យមានការតភ្ជាប់យ៉ាងរហ័ស។
ថ្លែងសំណេះសំណាលទៅកាន់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានលើកឡើងថា កំពង់ស្រឡៅដែលធ្លាប់ជាតំបន់ដាច់ស្រយាលបំផុតមួយ ពេលនេះបានក្លាយជាតំបន់ដែលអាអាចកម្ម៉ង់ទិញទំនិញផ្សេងៗ និងដឹកជញ្ជូនមកដល់គោលដៅក្នុងរយៈពេលយ៉ាងយូរត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ដែលបង្ហាញអំពីភាពជឿនលឿននៃប្រព័ន្ធទូរគមនាគមន៍របស់យើងផង ហើយក៏បង្ហាញពីការតភ្ជាប់ពីខេត្តមកស្រុកផងដែរ។
ពាក់ព័ន្ធពិធីបញ្ចុះបឋមសិលានាពេលនេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែង នូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក (World Vision) ដែលតែងតែមានវត្តមានជួយអន្តរាគមន៍ដល់តំបន់ខ្វះខាត និងដាច់ស្រយាល ជាពិសេសលើវិស័យសុខាភិបាល អនាម័យ និងវិស័យអប់រំ។ ឯកឧត្តមក៏ថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន ហ្គ្រែប (Grab) ដែលបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ តាមរយៈការចែករំលែកផលចំណេញរបស់ក្រុមហ៊ុនមកជួយដល់សង្គម ធ្វើការសាងសង់អគារសម្រាកព្យាបាលនៅមណ្ឌលសុខភាពកំពង់ស្រឡៅនាពេលនេះ។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ឱ្យចាប់យកបច្ចេកវិទ្យាទូរគមនាគមន៍ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយក្នុងការសិក្សាស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ព័ត៌មានពិត ជៀសវាងការជឿលើព័ត៌មានមិនពិត និងការវាយប្រហារផ្សេងៗនៅលើបណ្តាញសង្គម។ លោកក៏អំពាវនាវដល់យុវជនយើង សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយចាប់យកការលេងកីឡាដើម្បីសុខភាព។ តាមសំណូមពររបស់លោកប្រធាមន្ទីរសុខាភិបាលខេត្ត លោក គីម រិទ្ធី និងឧបត្ថម្ភរថយន្តសង្រ្គោះ១គ្រឿង ម៉ាសុីនឆ្លុះអេកូ១គ្រឿង ដល់មណ្ឌលសុខភាពកំពង់ស្រឡៅ នៅថ្ងៃសម្ពោធអគារនេះ។
ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា អគាសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពកំពង់ស្រឡៅ ដែលរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ ជាអំណោយរបស់ក្រុមហ៊ុន ហ្គ្រែប តាមអង្គការទស្សនៈពិភពលោក ដោយសាងសង់អំពីបេតុង ប្រក់ក្បឿង កម្ពស់១ជាន់ ទំហំ ២០ម៉ែត្រ គុណ១០ម៉ែត្រ មានបន្ទប់ចំនួន៧ ដោយសាងសង់អស់ថវិកាចំនួន ៥៩ ០០០ដុល្លារ។
លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងគូសបញ្ជាក់ថា ក្រោយពេលអគារសម្រាកព្យាបាលថ្មីនេះសាងសង់រួចរាល់ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលនេះ រួមមាន៖ ជួយឱ្យការទទួល និងព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផាសុកភាព, កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅឆ្ងាយៗ, ជួយលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕





















