ឯកឧត្តម អ៊ូអិណូ អាតស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដែលទើបចប់អាណត្តិការងារ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើនរបស់កម្ពុជា ដែលកាលពី៣០ឆ្នាំមុនឯកឧត្តមមិននឹកស្មានថា កម្ពុជា អាចមានការវិវឌ្ឍដូចពេលបច្ចុប្បន្ននេះឡើយ។
ឯកឧត្តម អ៊ូអិណូ អាតស៊ូស៊ិ បានបញ្ចប់បេសកកម្មការងារជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាហើយ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល៤ឆ្នាំ។ នៅព្រឹកថ្ងៃអង្គារ ទី១៤ ឆ្នាំ២០២៦នេះ លោកឯកអគ្គរាជទូត បានដឹកនាំសហការីចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅវិមានសាមគ្គីភាព។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងក្តីរីករាយ បានជួបលោកឯកអគ្គរាជទូតជាថ្មី ជាពិសេសបានជួបជជែក មុនចាកចេញពីប្រទេសកម្ពុជា។
សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ទោះបីឯកឧត្តមឯកអគ្គរាជទូតផុតអាណត្តិការងារនៅកម្ពុជាយ៉ាងណាក្តី លោកនឹងនឹកឃើញអនុស្សាវរីយ៍ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរីកចម្រើន។ មកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យរូបឯកឧត្តម និងសហការី បានជួបសម្តែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរាជទូត បានលើកឡើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុន បានរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំបន្តទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកឯកអគ្គរាជទូត បានគូសរំលេចថា មិនមែនទើបតែក្នុងពេលបំពេញការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជានោះទេ លោកបានអញ្ជើញមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយបានឃើញអំពីភាពរីកចម្រើនរបស់កម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោកមិននឹកស្មានថា កម្ពុជា អាចដើរមកដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការវាយតម្លៃ របស់លោកឯកអគ្គរាជទូតលើទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុញលោកឯកអគ្គរាជទូត ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយទំនាក់ទំនងទ្វាយភាគីរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតលើកឡើងពីដំណើរបស់កម្ពុជាកាលពីអតីតកាល ដោយបានអរគុណចំពោះជប៉ុន ដែលតែងតែគាំទ្រ និងជួយកម្ពុជានាពេលកន្លងមកទាំងក្នុងក្របខណ្ឌនៃចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាផ្នែកនៃការរកសន្តិភាពសម្រាប់កម្ពុជា ការចូលរួមចំណែកក្នុងការដោះមីននៅកម្ពុជា។ ជាពិសេសការគាំទ្ររបស់ជប៉ុន គឺការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមិនអាចកាត់ផ្ដាច់តួនាទីរបស់ជប៉ុននោះ បាននៅទេ ដូចជាការកសាងផ្លូវស្ពាន និងកំពង់ផែជាដើម ដែលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងភារកិច្ចបន្តទៀត៕


















