ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដាំដើមឈើនៅខេត្តកោះកុង ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា


នៅខេត្តកោះកុង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយនឹងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំជុំវិញខេត្តចូលរួមដាំដើមឈើជានិមិត្តរូបនៅអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កូនឈើប្រណីតចំនួន ៥ដើម ត្រូវបានដាក់ដាំ ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដែលប្រារព្ធធ្វើក្នុងគោលបំណងចលនាប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យទីក្រុង ភូមិស្ថាន វត្តអារាម ទីផ្សារ និងតាមសាលារៀន សំដៅរួមចំណែកកសាងកម្ពុជាឱ្យមានបរិស្ថានល្អស្អាត។ ក្នុងឱកាសនោះ លោកជំទាវ មាស ម៉ូរិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងជាពិសេសសិស្សានុសិស្ស គាំទ្រចលនាបរិស្ថាននៅក្នុងព្រឹត្តិការណ៍ទិវាអនាម័យបរិស្ថានជាតិ ដែលឆ្នាំ២០១៧នេះ ប្រធានបទសំខាន់គឺ «តោះនាំគ្នាសម្អាតផ្ទះរបស់យើង»៕