ពូជដំណាំស្វាយចន្ទី និងជីកសិកម្ម ចែកជូនប្រជាពលរដ្ឋ ២១៧គ្រួសារ នៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ជីវភាព


ប្រជាពលរដ្ឋចំនួន ២១៧គ្រួសារ ដែលរស់នៅចំណុចអូរសែវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព (ផ.ក.អ.) បានទទួលពូជដំណាំស្វាយចន្ទី និងជីកសិកម្ម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ពិធីចែកជូននេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. រួមជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ពូជដំណាំស្វាយចន្ទីប្រភេទ M23 ចំនួន ២២.០០០ ដើម និងជីកសិកម្មចំនួន ៥តោនកន្លះ ស្មើនឹង ១១០ បេ ត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ២១៧ គ្រួសារ។ ក្នុងមួយគ្រួសារៗ ទទួលបានកូនស្វាយចន្ទីចំនួន ១០០ ដើម និងជីកសិកម្ម ២៥ គីឡូក្រាម។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ការផ្តល់ពូជដំណាំ និងជីកសិកម្មនេះ គឺមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋយកទៅដាំដុះ ដើម្បីបង្កើនប្រភពចំណូល បង្កើតមុខរបរថ្មី និងលើកកម្ពស់សន្តិសុខស្បៀងនៅក្នុងសហគមន៍។ គម្រោងនេះ ក៏មានបំណងដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយការពឹងផ្អែកលើអនុផលព្រៃឈើ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងជំរុញការចូលរួមអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

ឯកឧត្តម សរ សុវណ្ណ ប្រធានលេខាធិការដ្ឋានគម្រោង ផ.ក.អ. បានបន្ថែមថា គោលបំណងចម្បងគឺដើម្បីឱ្យប្រជាពលរដ្ឋយកពូជស្វាយចន្ទីទៅដាំដុះពិតប្រាកដនៅលើដីរៀងៗខ្លួន សំដៅលើកកម្ពស់កម្រិតជីវភាព និងពង្រឹងសេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រៅពីការជំរុញការដាំដុះ ប្រជាពលរដ្ឋក៏ទទួលបានការតម្រង់ទិសជាប្រចាំលើការលើកកម្ពស់សុខភាព អនាម័យ និងការអភិវឌ្ឍសមត្ថភាពគំនិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន សន្សំសំចៃ ឧស្សាហ៍ព្យាយាម និងជឿជាក់លើខ្លួនឯង។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយនិរន្តរភាព៕