ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីវិធាននិងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង។
នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច បានចូលរួមធ្វើបទបង្ហាញលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាសខាងលើនេះ ហើយអង្គប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងបានផ្តល់នូវមតិយោបល់ សំដៅធ្វើឱ្យសេចក្តីព្រាងប្រកាសស្តីពីវិធាន និងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារនេះ មានលក្ខណៈកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយក្នុងការយកទៅអនុវត្តជាក់ស្ដែង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាកព័ន្ធដែលបានខិតខំរៀបចំព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមក្នុងការពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារ នីតិវិធីសំខាន់ៗ ព្រមទាំងគោលការណ៍គ្រឹះនានា ដើម្បីឈានទៅពិនិត្យសម្រេចលើសេចក្តីព្រាងប្រកាសនេះឱ្យកាន់តែមានអនុលោមភាព មានលក្ខណៈពេញលេញ មានភាពប្រទាក់ក្រឡាគ្នានិងជាប្រព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ក្រសួងឱ្យកាន់តែមានភាពប្រសើរឡើង។















