មន្រ្តីជាន់ខ្ពស់ថា ការចាប់ខ្លួនលោក អ៊ុំ សំអានត្រឹមត្រូវ តាមនីតិវិធីច្បាប់


ភ្នំពេញ៖ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងនៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ថា ការចាប់ខ្លួនអ្នកតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ ឯកឧត្តម  អ៊ុំ សំអាន គឺត្រឹមត្រូវទៅតាមផ្លូវច្បាប់ ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង។
ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា  “ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធី ច្បាប់ចំពោះករណីព្រហ្មទណ្ឌ ជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃ ការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយ ប្រទេសជិតខាង ដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា”។
ឯកឧត្តមបន្តថា នេះជាជម្រើសតែមួយ គត់ក្នុងកិច្ចថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ច របស់រាជរដ្ឋាភិបាល និងនីត្យានុកូលភាព ដើម្បីផលប្រយោជន៍ ដាច់ខាតរបស់ជាតិ។
សូមបញ្ជាក់ថា លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន នៅរសៀលថ្ងៃទី២១ ខែមេសា  បានដាក់ពាក្យ ស្នើសុំឲ្យចៅក្រម ស៊ើបសួរ លោក តុប ឈុនហេង សម្រេចដោះលែងលោក អ៊ុំ សំអាន ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន៕