ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង»ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ សហការជាមួយគណៈគ្រូពេទ្យ។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងសុន្ទរកថាបើក និងផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ «ដោយសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ព្រមទាំងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់វិស័យសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល»។

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានថ្លែងបន្តថា ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ រចនាសម្ព័ន្ធសុខាភិបាលទាំងមូលនឹងរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលទាំងមូលឱ្យបានប្រសេីរឡេីង។ ទន្ទឹមនឹងនោះ មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូរអ្នកជំងឺ និងរក្សាបាននូវនិរន្តភាពទំនុកចិត្តពីប្រជាពលរដ្ឋ។

កម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការធ្វើបទបង្ហាញ និងពិភាក្សាវិទ្យាសាស្ត្រជាច្រើន ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការគ្រប់គ្រង និងព្យាបាលជំងឺធាត់ ដែលជាកត្តាហានិភ័យសំខាន់នៃជំងឺមិនឆ្លង។ ទិវានេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៥០០នាក់ និងតាមប្រព័ន្ធអនឡាញជាង ,០០០នាក់ មកពីទូទាំងប្រទេស។

នៅក្នុងពិធីបិទកម្មវិធី លោកសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទិវាឆ្នាំនេះ ដោយចាត់ទុកថា CPD គឺជាយន្តការដ៏សំខាន់ក្នុងការកសាងគ្រូពេទ្យដែលមានចំណេះដឹងទាន់សម័យ សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។

លោកប្រធានគណៈគ្រូពេទ្យកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានគុណភាព។

គណៈគ្រូពេទ្យកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី និងផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ព្រមទាំងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ វាគ្មិន និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបាននូវគោលបំណងដែលបានគ្រោងទុក៕