នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពជំងឺរបស់លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។
គួររលឹកថា នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានជួបឧបទ្ទវហេតុ រអិលជើងដួលក្នុងបន្ទប់ទឹក នៅរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទៅចូលរួមប្រជុំ។
ប្រភពពីគ្រូពេទ្យ បានឲ្យដឹងថា ការរអិលដួលនោះ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសសៃខួរក្បាលរបស់លោក ម៉េង ហ៊ាង ដោយក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ភ្លាមៗ ហើយមកដល់ពេលនេះ អាការៈរបស់លោក ប្រធានក្រុមប្រឹក្សាស្រុក មិនទាន់ដឹងខ្លួននៅឡើយទេ ដោយកុំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្នុងការតាមដានយ៉ាងយកទុកដាក់ពីក្រុមគ្រូពេទ្យ។
នាឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន និងលោក អ៊ុន ចាន់ដា ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម បានចូលរួមសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ជាមួយក្រុមគ្រួសាររបស់លោក ម៉េង ហ៊ាង និងសូមជូនពរ សូមឲ្យលោកប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ឆាប់បានជាសះស្បេីយ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំជួយសង្គ្រោះ និងព្យាបាលជំងឺលោក ម៉េង ហ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕










