រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានជំរុញ និងលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដែលមានអ្នកចូលរួមជាង ១៨០០នាក់ នៅសាលសន្និសីទបូកគោ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងទៀតថា ការចាប់យកការសិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សា ពីវិទ្យាស្ថាន មានអត្រាទទួលបានការងារធ្វើ ប្រមាណ ៩០% ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យសិស្ស-និស្សិត បន្តរៀនសូត្រពេញមួយជីវិត ជាពិសេសពង្រឹងជំនាញធន់ បង្កើនជំនាញ និងផ្លាស់ប្តូរជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាលបន្តគាំទ្រកូនចៅ ឱ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារុំ

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកយកប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ។ ជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗ និងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពត បាននិងកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃ TVET និងជំរុញការអនុវត្តកម្មវិធី TVET ១,៥លាន ឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានផ្ដាំផ្ញើដល់សិស្ស-និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង ជំនាញ និងសញ្ញាបត្រ ដែលទទួលបាន ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការប្រកបការងារ ដោយបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ អង្គភាព និងសង្គមជាតិ។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថាន បានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្ស-និស្សិត ឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា។

សូមរំលឹកថា ពិធីប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត មានចំនួន ៥១៤អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សរុប ២២០៨នាក់ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស៕