នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Ustadz Prof. Abdul Somad Batubara នាយកវិទ្យាស្ថានជាតិអប់រំ Lembaga Penyelenggaraan Pendidikan Perti Nasional នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងសហគមន៍អ៊ីស្លាមនៃប្រទេសទាំងពីរ ហើយជំនួបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ឥស្លាមកម្ពុជា និងសហគមន៍ឥស្លាមឥណ្ឌូណេស៊ី ឱ្យកាន់តែខិតជិតស្និទ្ធ និងមានភាពរីកចម្រើនទ្វេឡើង។
ក្នុងឱកាសនោះ លោកបណ្ឌិតសាស្ត្រាចារ្យបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកចំហទូលំទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់សហគមន៍ឥស្លាមកម្ពុជា។ ជាពិសេស ការអនុញ្ញាតឱ្យស្ត្រីមូស្លីមស្លៀកពាក់បែបប្រពៃណី ចូលសិក្សានិងបម្រើការងាររដ្ឋ ឯកជនព្រមទាំង បានរៀបចំពិធីស្រាយបួសថ្នាក់ជាតិ ជារៀងរាល់ឆ្នាំ ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះសុខដុមនីយកម្មសាសនា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះផ្លែផ្កា នៃការបណ្តុះបណ្តាលធនធានមនុស្ស ដោយកន្លងមកមាននិស្សិតកម្ពុជាជាច្រើននាក់ បានទទួលឱកាសអាហារូបករណ៍ទៅសិក្សានៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងមកអភិវឌ្ឍសហគមន៍វិញ។
លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានដាស់តឿន និងលើកទឹកចិត្តដល់សហគមន៍មូស្លីមកម្ពុជា ឱ្យបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន រួមរស់ដោយសន្តិភាព និងសុខដុមរមនាជាមួយពលរដ្ឋទូទៅក្នុងសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងទៅថ្ងៃអនាគត៕

