អាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន Commercial Aircraft Corporation of China, Ltd បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC និង កិច្ចព្រមព្រៀងទិញអាកាសយាន C909 រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia – K6) និង ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងរវាង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសាជីវកម្ម ផលិតយន្តហោះពាណិជ្ជកម្មចិន រៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ហឺ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងខាងលើ បានបង្ហាញជំហានថ្មីមួយ ទៀតក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
កិច្ចសហប្រតិបត្តិការខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន និងការគាំទ្រផ្នែកបច្ចេកទេស។ លើសពីនេះកិច្ចសហប្រតិបត្តិការ នឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (K6) ក្នុងការពង្រីកប្រតិបត្តិការ បង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ការប្រកួត ប្រជែងរបស់កម្ពុជានៅក្នុងតំបន់។
អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងខាងលើនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញា ចិត្តខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ នឹងជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងការអភិវឌ្ឍន៍ស្តង់ដាអាកាសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ជូនថា នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានជ្រើសរើស និងដាក់ឱ្យ ប្រើប្រាស់អាកាសយាន C909 ដែលផលិតដោយប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនត្រឹមតែជាការបន្ថែមជម្រើសថ្មី ក្នុងការអភិវឌ្ឍការប្រើប្រាស់អាកាសយាន របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការជឿទុកចិត្តទៅលើបច្ចេកវិទ្យា អាកាសចរណ៍របស់ប្រទេសចិន។
សម្រាប់ជំហាននៃការអនុវត្ត ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាស់អាកាសយាន C909 ចំនួន១០គ្រឿង ក្នុងរង្វង់រយៈពេល៥ឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ៕















