«យុវជនត្រូវចូលរួមក្នុងការកសាង ការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី»


ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល វេទិកា «ពិភាក្សាជាមួយយុវជន» ខេត្តគោលដៅទី២៤ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីសមាជិកយុវជនប្រមាណ ១,២២១ នាក់ ។
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តប៉ៃលិន» ដោយមានការចូលរួមពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន និងជាប្រធានយុវជនគណបក្សខេត្ត ថ្នាក់ដឹកនាំ និងសមាជិកនៃ យ.គ.ក. និងគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងសមាជិកយុវជនគណបក្ស។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តរួចមក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គវេទិកាផងដែរ។
អង្គវេទិកាពិភាក្សា បានប្រព្រឹត្តិទៅយ៉ាងផុលផុសរយៈពេល ៤ម៉ោង ដោយអ្នកចូលរួមបានលើកឡើងនូវសំណួរ និងសំណូមពរជាច្រើន (ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ) ពាក់ព័ន្ធនឹងបញ្ហា ៖ជម្លោះព្រំដែន និងដំណោះស្រាយចំពោះការឈ្លានពានរបស់ថៃ ផលប៉ះពាល់លើវិស័យកសិកម្មដែលបណ្តាលមកពីការបិទព្រំដែនជាឯកតោភាគី ច្បាប់ស្តីពីកាតព្វកិច្ចយោធា យន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ទម្រង់ និងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ការទប់ស្កាត់ និងឆ្លើយតបនឹងព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមដោយផ្អែកលើព័ត៌មានពិត និងប្រកបដោយសុជីវធម៌ ការបំពាក់បំប៉នសតិអារម្មណ៍ និងការបណ្ដុះបណ្ដាលសមត្ថភាពយុវជនគណបក្ស ព្រមទាំងការទប់ស្កាត់ការនាំចូលទំនិញហាមឃាត់។ល។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍មួយចំនួនដល់យុវជនគណបក្ស ដើម្បីអនុវត្តបន្ត ពាក់ព័ន្ធនឹងកិច្ចសហការជាមួយគណៈកម្មាធិការគណបក្សថ្នាក់ខ្លួន រៀបចំផែនការសកម្មភាពរបស់ខ្លួន ឆ្ពោះទៅកាន់ការបោះឆ្នោត, ការពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់បណ្តាថ្នាក់ និងការបំពាក់បំប៉នយោបាយ សតិអារម្មណ៍ និងចាត់តាំង,ការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារបូរណភាពទឹកដី, ការរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេររឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត, ការបំផុសជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញបរទេសឈ្លានពាន និងលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តនូវសេចក្តីសម្រេចរបស់គណបក្សស្តីពី «ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ៕