ឯកឧត្តមបណ្ឌិត ហ៊ុន សុខា អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តអាយុយឺនយូរ (ហៅភ្នំត្រយឹង)


ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រុមការងារ ព្រមទាំងក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ចូលរួមក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ស្ថិតនៅក្នុងបរិវេណវត្តអាយុយឺនយូរ ហៅវត្តភ្នំត្រយឹង។

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ព្រះគ្រូអនុគណស្រុក ព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងសេចក្តីជ្រះថ្លា។

ជាកិច្ចចាប់ផ្តើមតំណាងឃុំល្អាង បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមបណ្ឌិត ហ៊ុន សុខា ឱ្យបានជ្រាបអំពីសាវតាវត្ត និងសមិទ្ធិផលនានាដែលបានកសាងរួចរល់ថ្មីៗដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតទៅ។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្តេចទាំងទ្វេដែលជានិច្ចជាកាល លោកតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនពលរដ្ឋ ។

សមិទ្ធផលថ្មីៗ រួមមានកុដិ និងសំណង់ផ្សេងៗទៀតដែលត្រូវបានសម្ពោធិដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការរីកចម្រើន ផ្នែកវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ព្រះសង្ឃក្នុងការគង់ប្រថាប់ និងរៀនសូត្រធម៌វិន័យ ព្រមទាំងជាទីសក្ការបូជារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

ពិធីបុណ្យឆ្លងសមិទ្ធផលខាងផ្លូវពុទ្ធចក្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិករយ:ពេល១យប់ ២ថ្ងៃ នៅក្នុងបរិវេណវត្តអាយុយឺនយូរ (ហៅភ្នំត្រយឹង) ដែលស្ថិតនៅក្នុងឃុំល្អាងស្រុកដងទង់ ខេត្តកំពត នៅទីបញ្ចប់លោកបណ្ឌិតក៏បានចូលរួមបច្ច័យមួយចំនួនក្នុងការជួយកសាងសមិទ្ធិផលនានាបន្តទៀតផងដែរ៕