ឯកឧត្តម ម៉ម ប៊ុននាង ចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) អមដំណើរដោយឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ចែកជូនដល់អាជ្ញាធរក្នុងឃុំត្រពាំងវែង និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣៦នាក់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលឃុំត្រពាំងវែង ដែលបានខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន បានយ៉ាងល្អប្រសើរ។

ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រី និងប្រជាជន ពិសេសយុវជន ត្រូវប្រឹងប្រែងបង្កើនសមត្ថភាព ភាពម្ចាស់ការ និងខ្លួនទីពឹងខ្លួនជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឯង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យបានខ្លាំងក្លារឹងមាំ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉មប៊ុននាង បានប្រកាសផ្តល់អាហារូបករណ៍ឌីជីថលព្រឹទ្ធសភា ១០០ភាគរយ ចំនួន១០០នាក់ដល់យុវជន និងសិស្សានុសិស្សនៃឃុំត្រពាំងវែង។ ការសិក្សារៀបចំឡើងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលជាវិទ្យាស្ថានមួយមានការទទួលគុណភាពសិក្សាទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៕