ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមប្រឹក្សារដ្ឋឥស្លាមកេឡាន់តាន់ នៃប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ


នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ តំណាងក្រុមប្រឹក្សារដ្ឋឥស្លាមកេឡាន់តាន់ (Kelantan) នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក YABhg. Dato’ Haji Mohd Anis Bin Hussein នៅការិយាល័យលោកទេសរដ្ឋមន្ត្រី។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងក្រុមប្រឹក្សារដ្ឋឥស្លាមកេឡាន់តាន់ និងសហគមន៍ឥស្លាមកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាព និងស្វែងរកឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ឥស្លាមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបជូនភាគីម៉ាឡេស៊ីអំពីការរីកចម្រើនយ៉ាងរហ័សរបស់សហគមន៍ឥស្លាមកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សហគមន៍ឥស្លាមកម្ពុជានាពេលបច្ចុប្បន្ន ទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាងដល់សហគមន៍ឥស្លាមកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការសង្ឃឹមថា តាមរយៈជំនួបនេះ កម្ពុជានឹងអាចដកស្រង់បទពិសោធន៍ល្អៗពីភាគីម៉ាឡេស៊ី ដើម្បីបន្តអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោក YABhg. Dato’ Haji Mohd Anis Bin Hussein បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយ និងផ្តល់ភាពសុខដុមរមនាយ៉ាងល្អប្រសើរដល់គ្រប់សាសនាទាំងអស់នៅកម្ពុជា។

លោកបានលើកឡើងបន្តថា ក្រុមប្រឹក្សារដ្ឋឥស្លាមកេឡាន់តាន់ មានក្តីរីករាយក្នុងការចូលរួមចំណែកគាំទ្រដល់សហគមន៍ឥស្លាមកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ និងយន្តការគ្រប់គ្រងការងារសង្គម ព្រមទាំងនឹងពិនិត្យលទ្ធភាពក្នុងការសហការលើការងារសប្បុរសធម៌ កិច្ចការឥស្លាមផ្សេងៗ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជាប្រយោជន៍រួមសម្រាប់សហគមន៍នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋឥស្លាមកេឡាន់តាន់ (MAIK) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៥ ដែលជាស្ថាប័នសាសនាឥស្លាមចំណាស់ជាងគេមួយនៅប្រទេសម៉ាឡេស៊ី។ អស់រយៈពេលជាងមួយសតវត្សរ៍មកនេះ MAIK បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហ្សាកាត់ (Zakat) វ៉ាកាហ្វ (Waqf) និងសកម្មភាពការងារសប្បុរសធម៌នានាសម្រាប់សហគមន៍មូស្លីម៕