ឯកឧត្តម ថោង ខុន ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ប្រាប់ភ្នាក់ងារព័ត៌មានជាង ២០ប្រទេស របស់សមាគមសារព័ត៌មានចិនពិភពលោក


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីស្វាគមន៍កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ របស់សមាគមសារព័ត៌មានចិនពិភពលោក នៅសណ្ឋាគារណាហ្គាវើល នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលមាននៅកម្ពុជា ប្រាប់ដល់អ្នកសារព័ត៌មានចិន និងអន្តរជាតិជាច្រើនរយនាក់ទៀត ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយបន្តទៅកាន់ទីផ្សារទេសចរចិន និងពិភពលោក។
ផលិតផលទេសចរណ៍ដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន លើកមកបង្ហាញដល់អង្គពិធីនេះ មានដូចជា អច្ឆរិយភាពដ៏ពិសេសនៃសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៣ មានប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក សម្បត្តិបេតិកភណ្ឌរូបី-អរូបី សម្បត្តិធនធានធម្មជាតិ ជួរភ្នំក្រវាញ់ដ៏ស្កឹមស្កៃ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រស់ទន្លេមេគង្គ និងទន្លេសាប ម្ហូបអាហារប្រពៃណីប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនខ្មែរ ស្របនឹងការប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»។ ក្រៅពីនេះ កម្ពុជាបានដាក់ចេញគោលយោបាយ និងយុទ្ធសាស្ត្រជាច្រើនទៀត ដើម្បីត្រៀមទទួលទេសចរចិន និងទេសចរអន្តរជាតិដ៏ច្រើន នាពេលខាងមុខ។
ពិធីស្វាគមន៍នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្ដីទីក្រសួងព័ត៌មាន លោកស្រី ឡ សុខផេង នាយប្រតិបត្តិសារព័ត៌មានកម្ពុជាស៊ីជីវឌាលី (Cambodia-Sinchew Daily) រួមជាមួយវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើននាក់ទៀត ដែលជាការរៀបចំដោយសមាគមកាសែតភាសាចិនពិភពលោក។
ចំពោះគោលនយោបាយរបស់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ អនុគ្រោះដល់ការវិនិយោគ រួមទាំងវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តម ថោង ខុន បានបន្តថា កម្ពុជាគាំទ្រជានិច្ចចំពោះការដាក់ចេញនូវយុទ្ធសាស្រ្ត «ខ្សែក្រវាត់មួយ វិថីមួយ» ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះ របស់រដ្ឋាភិបាលចិនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ ហើយជឿជាក់ថា នយោបាយដ៏ល្អនេះនឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយផ្លូវសូត្រ រួមទាំងអាស៊ាន និងកម្ពុជាផងដែរ។
ឯកឧត្តមបានរំលឹកថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០%។ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន៩សែននាក់ កើនឡើង ១១.៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៣៥.៦%។ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនដល់យ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដើម្បីឆ្ពោះទៅត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ ជាយុទ្ធសាស្ត្រកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ពិសេសកម្ពុជាបាននិងកំពុងខិតខំថែរក្សាសន្តិភាព និងស្ថិរភាព ទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា បាននិងកំពុងរៀបចំការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើម ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧ ដែលនឹងឈានដល់ការវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះផងដែរ។
លោកស្រី ឡ សុខផេង បានលើកឡើងថា នេះជាកិច្ចប្រជុំប្រចាំរបស់សមាគមកាសែតភាសាចិនពិភពលោក បានប្រារព្ធធ្វើឡើងជាលើកដំបូងនៅកម្ពុជា ហើយបានទទួលស្វាគមន៍ ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយនៅចិនដីគោក ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់នានា។
លោកស្រីបានបន្តថា សមាគមកាសែតភាសាចិនពិភពលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៨ នៅទីក្រុងហុងកុង ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងអ្នកសារព័ត៌មាន និងស្ថាប័នកាសែតភាសាចិនជុំវិញពិភពលោក ក្នុងការការពារ និងជំរុញអភិវឌ្ឍកាសែតភាសាចិន លើកកម្ពស់ការយល់ដឹងពីគ្នាគ្រប់តំបន់លើពិភពលោក៕