ភ្នំពេញ: ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសផ្លាស់ប្តូរ នូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ ក្នុងអាណត្តិរបស់លោក ដោយបានប្តូរពី ផ្តុំ៣_ផ្តាច់២_ផ្តើម១ ត្រូវប្តូរទៅជា “ផ្តុំ៣_ផ្តល់២_ផ្តើម១” វិញ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានប្រសាសន៍ថា ពិតជាមានមោទនភាពជាមួយនឹងក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងផ្តាច់បាននូវបញ្ហាបុរីកីឡា និងបញ្ហាបឹងកក់ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះ លោកអភិបាល សូមប្តូរពាក្យផ្តាច់២ ទៅជាផ្តល់២ វិញម្តង គឺផ្តល់សេវាឱ្យបានកាន់តែល្អ និងផ្តល់ដំណោះស្រាយនូវរាល់សំណូមពរទាំងឡាយ របស់បងប្អូនប្រជាពលរដ្ឋ។
ដើម្បីសម្រេចបាននូវគោលការណ៍ខាងលើ កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ផ្តោតលើកិច្ចការសំខាន់ៗ ៤ ចំណុចដូចខាងក្រោម៖
១-រៀបចំផ្លាស់ប្តូរ និងដាក់ដំឡើងភ្លើងស្តុបស្វ័យប្រវត្តិថ្មីចំនួន ១០០ទីតាំងបន្ថែម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើង ដើម្បីកាត់បន្ថយនូវបញ្ហាកកស្ទះចរាចរណ៍ ហើយកិច្ចការនេះ យើងនឹងសម្រេចឱ្យបានទាំងស្រុង នាខែមីនា ឆ្នាំ២០១៧។ ជាពិសេស ត្រូវសិក្សាជាបន្ទាន់នូវការកែប្រែរង្វង់មូល៣ ឱ្យទៅជាភ្លើងស្តុបវិញ ដូចជារង្វង់មូលទួលគោក រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី។
២-កំណត់ និងដាក់កម្លាំងនៅតាមគោលដៅកកស្ទះចរាចរណ៍សំខាន់ៗក្នុងរាជធានី ភ្នំពេញ ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋ តាមការសិក្សាមានចំនួន ១៨២គោលដៅសំខាន់ៗ។
៣-កែសម្រួល និងកំណត់ទាំងពេលវេលា និងយន្តការផ្តល់សេវាសាធារណៈលើសេវាសុរិយោដី និងសំណង់ ឱ្យបានកាន់តែប្រសើរឡើង និងច្បាស់លាស់។
៤-ការងារថែទាំប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធទាំងការជួសជុលគ្រលុកសំបុកមាន់ ការជួសជុលរ៉ឺហ្គ័រ និងការថែរក្សាលូជាដើម ត្រូវផ្តល់ការទទួលខុសត្រូវដល់មូលដ្ឋានខណ្ឌនីមួយៗតែម្តង។ កិច្ចការទាំងនេះហើយ ដែលជាម៉ែត្រសម្រាប់វាស់សមត្ថភាពរបស់ខណ្ឌនីមួយៗ ថាតើនរណាធ្វើ ឬមិនធ្វើ?
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់លើក្រុមការងារទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានល្អ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមទទួលនូវរាល់ការសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីភាពសុខុដុមនីយកម្មទាំងអស់គ្នា។
ឯកឧត្តម អភិបាលបានបន្ថែមថា អាជ្ញាធរខណ្ឌទាំង ១២ ត្រូវបង្កើនការយកចិត្តទុកដាក់ការងារ ដើម្បីធ្វើឲ្យមានការប្រែប្រួលអំពីផែនការសកម្មភាពប្រចាំថ្ងៃ។ ផែនការយុទ្ធសាស្ត្រ ផ្តុំ៣_ផ្តាច់២_ផ្តើម១ គឺផ្តុំ៣ កំពុងតែដំណើរការលើការផ្តល់សេវាច្រកចេញចូលតែមួយនៃកំណែទម្រង វិមជ្ឈការ និងវិសហមជ្ឈការ និងផ្តាច់២ ជាបាតុភាពដែលនៅសេសសល់ក្នុងប្លុកបុរីកីឡានិងបឹងកក់ កំពុងស្ថិតក្នុងស្ថានភាពបន្តិចបន្តួចដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខ ។ បញ្ហាបុរីកីឡា ត្រូវបានលោកអភិបាលរាជធានី បានប្រគល់ភារកិច្ចដ៏រ៉ាំរ៉ៃនេះជូនលោកអភិបាលខណ្ឌ ដើម្បីធ្វើរបងខ័ណ្ឌ សហគមន៍បុរីកីឡាទៅនឹងដីឯកជនរបស់ក្រុមហ៊ុនផានអ៊ីម៉ិច។ លោកអភិបាលខណ្ឌ ត្រូវចាប់ផ្តើមជាបន្ទាន់ ដោយយកឯកសារដែលពាក់ព័ន្ធ ហើយទៅធ្វើរបងខ័ណ្ឌ ហើយបង្កើតឲ្យមានស្ថានភាពគ្រប់គ្រងអគារទាំង៨របស់បុរីកីឡាឲ្យបាន រួមទាំងការលក់ដូរដោយលុបកិច្ចសន្យាលក់ដូរ ឬត្រូវរក្សាទុកនៅត្រឹមហ្នឹង ត្រូវធ្វើឲ្យដាច់ស្រេច កុំទុកឲ្យនៅតទៅទៀត។ ចំណែកឯអ្នកដែលនៅសេសសល់ រួមទាំងអ្នកមានវិញ្ញាបនបត្រ អ្នកមានផ្ទះ អ្នកតវ៉ាទាំងឡាយ ត្រូវទាញយកមកដោះស្រាយបញ្ចប់ទាំងអស់ ហើយបញ្ហាដែលក្តៅនោះត្រូវបានបញ្ចប់ជិតអស់ហើយ នៅសល់តែតិចតួចប៉ុណ្ណោះ។
ឯកឧត្តមបានលើកឡើងអំពីបញ្ហាបឹងកក់ ដែលមកដល់ពេលនៅសេសសល់តិចតួចប៉ុណ្ណោះ ហើយអ្នកមួយចំនួនបានទទួលយកដីអស់ហើយ នៅសល់តែកែសម្រួលរបងជាមួយវិហារឥស្លាម ចំណែកពលរដ្ឋនៅប្រមាណ៦គ្រួសារទៀតនឹងគ្រោងបញ្ចប់នៅពេលខាងមុខ។ ចំណែកបញ្ហាធំគឺផ្តុំបី ដែលពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សំរាម ប្រព័ន្ធលូប្រឡាយ ការថែទាំងផ្លូវ។ ចំណែកយុទ្ធសាស្ត្រថ្មី ផ្តល់២ គឺផ្តល់សេវាតម្រូវការ និងសេវាសំណូមពរ សម្រាប់ជាយុទ្ធសាស្ត្រប្រចាំថ្ងៃរបស់អាជ្ញាធររាជធានី ដែលជាគោលការណ៍ ផែនការគ្រឹះតែមួយគត់របស់រាជរដ្ឋាភិបាល៕
លោកប៉ា សុជាតិវង្ស ប្តូរយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ “ផ្តុំ៣_ផ្តល់២_ផ្តើម១”
